បរទេស៖ នេះបើយោងតាមអ្នកសារព័ត៌មាន David Lynch បានអោយដឹងថាក្លឹបហង្សក្រហមបានពិភាក្សារួចហើយជាមួយក្លឹប Wolves លើកិច្ចព្រមព្រៀងដែឡអាចកើតឡើងចំពោះការផ្ទេរកីឡាករសញ្ជាតិអាល់ហ្សេរី ខណៈក្លឹប Liverpool កំពុងតែស្វែងរកនៅខ្សែការពារឆ្វេងថ្មីដើម្បីផ្តល់ការប្រកួតប្រជែងសម្រាប់កីឡាករ Andy Robertson ។
ក្រុមហង្សក្រហមកំពុងស្ថិតនៅក្នុងការស្វែងរកចុះហត្ថលេខាយកកីឡាករដំបូងរបស់ខ្លួនក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី Arne Slot។ ពួកគេដូចជាខិតជិតក្នុងការចុះហត្ថលេខាយកកីឡាករ Martin Zubimendi ប៉ុន្តែការពិភាក្សាតារាឆ្នើមក្លឹប Real Sociedad ហាក់មានបញ្ហា បន្ទាប់ពីគាត់បានបញ្ជាក់ថា ត្រូវចំណាយប្រាក់ដើម្បីបង់ផ្តាច់តម្លៃផ្តាច់កុងត្រារបស់ខ្លួន។
ក្លឹប Liverpool នៅតែចង់នាំយកខ្សែបម្រើកណ្តាលថ្មី ប៉ុន្តែវាហាក់បីដូចជាពួកគេបានប្តូរនៅទិញដៅរបស់ខ្លួនទៅពង្រឹងនៅតំបន់ការពារឆ្វេងវិញ ជាមួយនឹងការផ្តោតទៅលើកីឡាករ Ait-Nouri។ កីឡាករវ័យ ២៣ឆ្នាំរូបនេះនៅសល់កុងត្រា ២ឆ្នាំទៀតជាមួយក្លឹប Wolves ហើយគាត់បានស៊ុតបញ្ចូលទី ២គ្រាប់ក្នុងការបង្ហាញខ្លួន ៣៣ដងអោយក្លឹបកាលពីរដូវកាលមុន។
ក្លឹប Liverpool នៅសល់ពេល ២សប្តាហ៍ទៀតក្នុងការចុះហត្ថលេខាយកកីឡាករថ្មីនៅក្នុងរដូវក្តៅនេះ ប៉ុន្តែលោក Slot អាចនឹងត្រូវប្រើប្រាស់នៅកីឡាករដែលមានស្រាប់នៅពេលនេះ នៅពេលក្រុមរបស់គាត់ត្រូវប្រកួតជាមួយនឹងក្រុម Ipswich Town នៅថ្ងៃសៅរ៍នេះ៕