បរទេស៖ ខណៈដែលក្លឹប PSG ត្រៀមចាប់ផ្តើមការការពារតំណែងជើងឯក Ligue 1 របស់ពួកគេ ក្រសែភ្នែកជាច្រើនបានសម្លឹងមើលទៅលើការជ្រើសរើសក្រុមរបស់លោក Luis Enrique។ ម្ចាស់ជើងឯកបារាំងដែលកំពុងសោយរាជ្យនឹងត្រូវប្រឈមមុខនឹងក្រុម Le Havre ដែលទើបប្រម៉ូតមកនៅកីឡដ្ឋាន Stade Océane ហើយការប្រកួតនេះនឹងអវត្តមានកីឡាករ Ugarte។ ការអវត្តមានរបស់គាត់បានធ្វើឱ្យមានពាក្យចចាមអារ៉ាមកាន់តែខ្លាំងឡើងអំពីការចាកចេញដ៏មានសក្តានុពលមួយ ស្របពេលដែលក្លឹប Man United បានរាយការណ៍អំពីការនាំមុខក្នុងការចុះហត្ថលេខាយកគាត់។
នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹបបិសាចក្រហមត្រូវបានជាប់គាំងក្នុងការចរចាជាមួយ PSG ហើយសម្រាប់ព័ត៌មានលម្អិតរបស់កិច្ចព្រមព្រៀងនៅតែ “បើកចំហរ”។ កីឡាករវ័យ ២៣ឆ្នាំរូបនេះត្រូវបានទិញមកពីក្លឹប Sporting Lisbon ក្នុងតម្លៃប្រមាណ ៥១លានផោន ដែលវាស្មើរទៅនឹងតម្លៃដែលក្លឹប PSG ទាមទារពីអ្នកដែលចង់ទិញគាត់។ ទោះជាយ៉ាងណាក៏ដោយរហូតមកដល់ពេលនេះ United មានការស្ទាក់ស្ទើរក្នុងការបំពេញតាមតម្លៃទាមទាររបស់ក្លឹប PSG ដែលត្រូវបានគេមើលឃើញថាមានការជាប់គាំងនៃការផ្ទេរ។
បើតាមការបញ្ជាក់អំពីភ្នាក់ងាររបស់កីឡាករ Ugart បានអោយដឹងថាកីឡាកររូបនេះចង់ផ្ទេរទៅកាន់ Old Trafford ។ វាត្រូវបានគេជឿថា Ugarte បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្លឹបយក្សនៅ Premier League ហើយគាត់បានបញ្ជាក់យ៉ាងច្បាស់ថាគាត់ចង់ឱ្យការផ្ទេរនេះកើតឡើង “ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន” ។ ហើយការខកខានក្នុងការចូលរួមប្រកួត គឺជាសញ្ញាបង្ហាញថាកីឡាករអាចដឹងអំពីការផ្ទេរទៅកាន់ Premier League មុនពេលទីផ្សារដោះដូរកីឡាករបិទ។
ខណៈពេលដែល United មានសកម្មភាពនៅក្នុងទីផ្សារដោះដូរកីឡាករនៅរដូវក្តៅនេះ ការផ្តោតអារម្មណ៍របស់ពួកគេបានផ្តោតលើការការពារ និងតំបន់ប្រយុទ្ធ។ ការមកដល់របស់ Lenny Yoro, Matthijs de Ligt និង Noussair Mazraoui បានបន្ថែមភាពរឹកមាំនៅតំបន់ការពារ ស្របពេលកីឡាករ Joshua Zirkzee បានពង្រឹងតំបន់ប្រយុទ្ធ។ ទោះបីជាយ៉ាងណាក៏ដោយនៅតំបន់បម្រើគឺមិនទាន់ឃើញមានការពង្រឹងណាមួយនោះទេ ដែលធ្វើឲ្យការទិញយកកីឡាករ Ugarte កាន់តែមានសារៈសំខាន់៕