បរទេស៖ កីឡាករវ័យ ៣២ឆ្នាំ Carvajal នៅតែជាតួអង្គសំខាន់សម្រាប់ក្រុម Real Madrid។ ខ្សែការពាររូបនេះបានក្លាយជាវីរបុរសដែលមិនគួរឱ្យជឿនៅកីឡដ្ឋាន Wembley ក្នុងការប្រកួតរវាង Real Madrid និងក្លឹប Dortmund កាលពីខែឧសភា ខណៈដែលគាត់រកបានគ្រាប់បាល់នៅនាទីទី៧៤ ដើម្បីជួយឱ្យ Real Madrid ឈ្នះពានរង្វាន់ Champions League លើកទី១៥ របស់ពួកគេ។ កីឡាករ Carvajal ទទួលបានពានធំមួយទៀតកាលពីខែកក្កដាកន្លងទៅដោយបានជួយអោយក្រុមជម្រើសជាតិអេស្ប៉ាញយកឈ្នះក្រុមអង់គ្លេស ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រជើងឯកទ្វីបអឺរ៉ុប នៅ Olympiastadion ទីក្រុងប៊ែកឡាំង។
ខណៈដែលកិច្ចសន្យាបច្ចុប្បន្នរបស់ Carvajal ជាមួយ Real Madrid នឹងផុតកំណត់នៅរដូវក្តៅក្រោយ សំណួរថាតើគាត់នឹងលេងនៅទីណាបន្ទាប់បានកំពុងកើតមានឡើង។ ខ្សែការពាររូបនេះមិនទាន់បានត្រៀមខ្លួនក្នុងការចូលនិវត្តន៍នោះទេ ប៉ុន្តែបានធានាថាគាត់នឹងមិនចូលរួមជាមួយក្លឹបអឺរ៉ុបផ្សេងទៀតប្រសិនបើគាត់ត្រូវចាកចេញពីក្លឹប Real Madrid។
ដោយឆ្លុះបញ្ចាំងពីអាជីព និងអនាគតរបស់គាត់ Carvajal បាននិយាយទៅកាន់ The Athletic ថា “នៅពេលដែលខ្ញុំសម្រេចចិត្តចាកចេញពី Real Madrid ខ្ញុំនឹងមិនទៅលេងនៅអឺរ៉ុបទេ ហើយជម្រើសនឹងត្រូវបានកាត់បន្ថយច្រើន”។
នៅពេលត្រូវបានសួរអំពីលទ្ធភាពនៃការផ្លាស់ប្តូរទៅកាន់សហរដ្ឋអាមេរិក អារ៉ាប៊ីសាអូឌីត ឬកាតា គាត់បាននិយាយថា៖ “វាជាលទ្ធភាព។ ពិតប្រាកដណាស់ វានឹងក្លាយជាជម្រើសមួយក្នុងចំណោមជម្រើសទាំងបីនោះ”។
គាត់បន្ថែមថា៖ “ខ្ញុំមានកុងត្រារហូតដល់រដូវក្តៅឆ្នាំក្រោយ។ ខ្ញុំមិនគិតពីការចូលនិវត្តន៍ទេនៅពេលនេះ។ ប៉ុន្មានឆ្នាំទៅមុខទៀត អ្នកដឹងថា អ្នកត្រូវផ្តល់តម្លៃឱ្យកាន់តែច្រើនសម្រាប់រាល់ពេលវេលា ហើយរីករាយនឹងទំនាក់ទំនងដែលខ្ញុំមានជាមួយក្លឹបគឺមានតម្លាភាព និងច្បាស់ណាស់ ប្រសិនបើភាគីទាំងពីរយល់ព្រមបន្ត ខ្ញុំសង្ឃឹមថានឹងនៅទីនេះច្រើនឆ្នាំខ្ញុំនិយាយអំពីវាជាមួយគ្រួសាររបស់ខ្ញុំ៖ ខ្ញុំចង់រីករាយជាមួយរាល់ការប្រកួត រាល់វគ្គហ្វឹកហាត់”។
កីឡាករ Carvajal បានចូលរួមជាមួយក្រុម Real Madrid នៅពេលគាត់មានអាយុ ១០ឆ្នាំ ហើយពីរឆ្នាំក្រោយមកគាត់បានចូលហ្វឹកហាត់នៅ Valdebebas ដែលជាមជ្ឈមណ្ឌលហ្វឹកហាត់ និងជាកន្លែងហ្វឹកហាត់របស់ក្លឹប Real Madrid។ ហើយគាត់បានទៅលេងខ្ចីជើងនៅក្លឹប Bayern Leverkusen ក្នុងកំឡុងឆ្នាំ២០១២-១៣ បន្ទាប់មកកីឡាករ Carvajal បានចំណាយពេលអាជីពទាំងស្រុងរហូតមកដល់ពេលបច្ចុប្បន្នជាមួយក្លឹប Real Madrid។
កីឡាករ Carvajal បានចូលរួមជាមួយក្រុមជម្រើសជាតិអេស្ប៉ាញ នៅការប្រកួត Nations League ពេលខាងមុខរបស់ពួកគេទល់នឹងស៊ែប៊ី និងស្វីស។ បន្ទាប់ពីបំពេញកាតព្វកិច្ចអន្តរជាតិរបស់គាត់ Carvajal នឹងត្រលប់ទៅ Madrid ដើម្បីរៀបចំការប្រកួតបន្ទាប់នៅ La Liga ដោយក្រុមរបស់លោក Carlo Ancelotti គ្រោងនឹងជួបក្រុម Real Sociedad នៅថ្ងៃទី១៤ ខែកញ្ញា៕