បរទេស៖ កីឡាករវ័យ ២៤ឆ្នាំបានរកឃើញថាខ្លួនមានភាពពិបាកក្នុងការចូលទៅក្នុងក្រុមជម្រើសដំបូងរបស់លោក Erik ten Hag សម្រាប់រដូវកាលនេះ។ ការបង្ហាញខ្លួនតែមួយគត់របស់គាត់រហូតមកដល់ពេលនេះគឺការប្រកួ ទល់នឹង Brighton នៅនាទីទី៨៩ ដែលបង្កឱ្យមានចម្ងល់អំពីអនាគតរបស់គាត់នៅក្លឹប។ អតីតតារាឆ្នើមរបស់ Ajax រូបនេះបានបង្ហាញពីបំណងចង់ចាកចេញក្នុងលក្ខខ័ណ្ឌខ្ចីជើង ដើម្បីស្វែងរកម៉ោងប្រកួតធម្មតា ដោយមានក្លឹបជាច្រើនចង់បានគាត់ រួមទាំងក្លឹបយក្សទួរគី Fenerbahce ដែលដឹកនាំដោយអតីតអ្នកចាត់ការក្លឹប Manchester United លោក Jose Mourinho ។ ទីផ្សារដោះដូរកីឡាករតួកគីនៅតែបើករហូតដល់ថ្ងៃទី១៣ ខែកញ្ញា។
នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាបើទោះបីជាមានការចាប់អារម្មណ៍កាន់តែខ្លាំងទៅលើខ្សែបម្រើស្លាបក៏ដោយ ក៏វាហាក់ដូចជាមិនទំនងដែលក្លឹប United នឹងអនុញ្ញាតឱ្យ Antony ចាកចេញ។ បិសាចក្រហមមានអារម្មណ៍ថាពួកគេខ្វះជម្រើសនៅក្នុងតំបន់នេះ ក្រោយកីឡាករមួយចំនួនបានចាកចេញនៅរដូវក្តៅ រួមមាន Jadon Sancho, Anthony Martial, Mason Greenwood, Facundo Pellistri និង Omari Forson ។ ដោយសារការចាកចេញទាំងនេះ បានធ្វើអោយឱកាសនៃការចាកចេញរបស់កីឡាករ Antony ក្នុងលក្ខខណ្ឌខ្ចីជើងទៅប្រទេសទួរគីបានថយចុះយ៉ាងខ្លាំង។
លោក Ten Hag ដែលបាននាំយក Antony មកក្លឹបក្នុងតម្លៃ ៨៥លានផោន ពីក្លឹប Ajax កាលពី ២ឆ្នាំមុនបានជ្រើសរើសផ្តល់អាទិភាពដល់ខ្សែបម្រើស្លាបផ្សេងទៀតនៅក្នុងប្រព័ន្ធរបស់គាត់។ ទាំង Amad Diallo និង Alejandro Garnacho ត្រូវបានគេពេញចិត្តក្នុងតួនាទីមួយនេះសម្រាប់រដូវកាល ២០២៤-២៥ ដែលទុកអោយកីឡាករ Antony មានឪកាសតិចក្នុងការបង្ហាញខ្លួន។
Antony នឹងត្រូវប្រឹងប្រែងដើម្បីទទួលបានការជឿទុកចិត្តពីអ្នកចាត់ការរបស់គាត់ឡើងវិញ និងដើម្បីជួយសង្គ្រោះដ៏អាជីពរបស់គាត់នៅ United។ បិសាចក្រហមនឹងត្រលប់មកវិញនៅថ្ងៃសៅរ៍ ក្នុងការប្រកួតជាមួយក្លឹប Southampton ក្នុង Premier League ប៉ុន្តែវានៅតែត្រូវមើលថាតើ Antony នឹងអាចបង្ហាញខ្លួនដែរ ឫទេ៕