បរទេស៖ កីឡាករ Sancho បានមកដល់ភាគខាងលិចទីក្រុងឡុងដ៍កាលពីខែមុនក្នុងកិច្ចព្រមព្រៀងខ្ចីជើងដំបូង ជាមួយនឹងជម្រើសសម្រាប់ការផ្ទេរជាអចិន្ត្រៃយ៍ក្នុងតម្លៃផ្ទេរចន្លោះពី ២០-២៥លានផោននៅរដូវក្តៅក្រោយ។ តម្លៃនេះទាបជាងតម្លៃ ៧៣លានផោន ដែលក្លឹប United បានចំណាយទិញគាត់ពីក្លឹប Borussia Dortmund សម្រាប់កីឡាករសញ្ជាតិអង់គ្លេសកាលពី ៣ឆ្នាំមុន ហើយប្រសិនបើខ្សែបម្រើស្លាបអង់គ្លេសបង្ហាញទម្រង់លេងយ៉ាងល្អនៅ Stamford Bridge នោះវានឹងក្លាយជាការ “លួច” ដល់ល្អមួយសម្រាប់ក្លឹប Chelsea។
ថ្វីបើធ្លាប់ត្រូវបានគេចាត់ទុកថាជាកីឡាករដែលមានទេពកោសល្យល្អម្នាក់នៅក្នុងបាល់ទាត់អឺរ៉ុបក៏ដោយ ក៏ពេលវេលារបស់ Sancho នៅ Old Trafford ត្រូវបានសង្កេតឃើញពីភាពផ្ទុយគ្នា ដោយទម្រង់លេងរបស់គាត់បានធ្លាក់ចុះយ៉ាងខ្លាំងពីការរំពឹងទុក។ ការវិលត្រឡប់របស់គាត់ទៅកាន់ក្លឹប Borussia Dortmund ក្នុងលក្ខខ័ណ្ឌខ្ចីជើងក្នុងពាក់កណ្តាលរដូវកាលចុងក្រោយនេះ បានធ្វើអោយគាត់មើលឃើញអំពីខ្លួនឯង នឹងបានជួយក្រុមនៅអាឡឺម៉ង់អោយឡើងដល់វគ្គផ្តាច់ព្រ័ត្រ Champions League ផងដែរ។ ហើយនៅពេលដែលគាត់ចាប់ផ្តើមអាជីពនៅ Chelsea កីឡាករ Sancho ប្រឈមមុខនឹងកិច្ចការដ៏គួរឱ្យភ័យខ្លាចក្នុងការធានាទាំងកេរ្តិ៍ឈ្មោះ និងទម្រង់លេងរបស់គាត់។
លោក Maresca បានបញ្ជាក់យ៉ាងច្បាស់ថាគាត់មើលឃើញសក្តានុពលរបស់ខ្សែបម្រើស្លាបវ័យ ២៤ឆ្នាំ ប៉ុន្តែត្រូវបានគេរំពឹងទុកថាគាត់នឹងធ្វើអោយចាប់អារម្មណ៍ក្នុងការហ្វឹកហាត់នៅ Cobham ដើម្បីអាចទទួលបានកៅអីសម្រាប់ជម្រើស ១១នាក់។
លោក Maresca បាននិយាយថា៖ “ខ្ញុំស្រលាញ់ Jadon ខ្ញុំស្រលាញ់កីឡាករដែលយើងមាន។ ហេតុផលដែល Jadon នៅទីនេះគឺដោយសារតែខ្ញុំស្រលាញ់គាត់ បើមិនដូច្នេះទេ គាត់នឹងមិននៅទីនេះទេ។ យើងមាន Jadon, Joao [Felix] ដែលជាកីឡាករប្រភេទដូចគ្នា។ មុនពេលពួកគេចូលរួមជាមួយក្លឹប ខ្ញុំបានជជែកជាមួយពួកគេ ហើយសារមួយរបស់ខ្ញុំទៅកាន់ពួកគេគឺប្រសិនបើអ្នកមកទីនេះ ហើយធ្វើការមិនបាល្អ នោះអ្នកមិនបានលេងនោះទេ”។
“តែមូលហេតុដែលខ្ញុំនិយាយជាមួយអ្នក គឺដោយសារតែខ្ញុំពិតជាចូលចិត្តអ្នកណាស់។ ប្រសិនបើអ្នកមកទីនេះតាមរបៀបដែលយើងចង់បាន យើងសប្បាយចិត្ត។ ប៉ុន្តែប្រសិនបើអ្នកមកទីនោះហើយមិនប្រឹងប្រែងធ្វើការល្អ អ្នកមិនគួរមកនោះទេ”។
បញ្ហារបស់ Sancho នៅ United បានកើតឡើងកាលពីខែកញ្ញាឆ្នាំមុន នៅពេលដែលគាត់បានប៉ះទង្គិចជាសាធារណៈជាមួយអ្នកចាត់ការ Erik ten Hag ។ បន្ទាប់ពីមានការរិះគន់ជាសាធារណៈនេះ ការបង្ហាញខ្លួនរបស់ Sancho នៅ United ក៏មានកម្រិត ហើយគាត់បង្ហាញខ្លួនតែម្តងគត់ ក្នុងនាមជាកីឡាករបម្រុងទៀតផង។
ទោះជាយ៉ាងណាក៏ដោយលោក Maresca មិនចង់រំលឹកអំពីរឿងអតីតកាលទេ ហើយបាននិយាយថា៖ “ខ្ញុំមិនមានគំនិតអំពីអ្វីដែលបានកើតឡើងជាមួយ Erik ទេ។ ខ្ញុំគ្រាន់តែអាចវិនិច្ឆ័យកីឡាករក្នុងប៉ុន្មានសប្តាហ៍ដែលគាត់បាននៅជាមួយយើង ហើយគាត់ល្អឥតខ្ចោះ។ កុំចាត់ទុក Jadon ជាហានិភ័យ ព្រោះខ្ញុំចាត់ទុក Jadon ជាកីឡាករដែលអាចជួយយើង។ ជាមួយនឹងរបៀបលេង គាត់គឺជាកីឡាករដែលអាចជួយយើងបានច្រើន”។
នៅពេលដែល Sancho ចូលមកចូលរួមជាមួយក្លឹប Chelsea គាត់នឹងខ្នះខ្នែងដើម្បីបង្ហាញថាគាត់នៅតែមានទម្រង់លេងក្នុងកម្រិងខ្ពស់។ ខ្សែបម្រើស្លាបរូបនេះអាចបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុមតោខៀវនៅថ្ងៃសៅរ៍នៅពេលដែល Chelsea ធ្វើដំណើរទៅជួបក្រុម Bournemouth ក្នុងការប្រកួតក្របខ័ណ្ឌ Premier League ៕