បរទេស៖ កីឡាករ Rodri ត្រូវបានប្តូរចេញក្រោយលេងទើបតែបាន ២០នាទីសម្រាប់ការប្រកួតនៅក្របខ័ណ្ឌ Premier League នៅកីឡដ្ឋាន Etihad កាលពីថ្ងៃអាទិត្យ ដែលបង្កឱ្យមានការភ័យខ្លាចនៃការអវត្តមានរយៈពេលវែងរបស់គាត់។ របាយការណ៍មួយបានអះអាងកាលពីថ្ងៃចន្ទថា ក្លឹប Man City មានការព្រួយបារម្ភចំពោះបញ្ហារបួសរបស់គាត់ ខណដែល Rodri ហាក់ដូចជាបានរងរបួសសរសៃពួរផ្នែកខាងមុខ ដែលអាចធ្វើឲ្យគាត់អវត្តមានពេញមួយរដូវកាល។
ទីបំផុត Man City បានចេញសេចក្តីថ្លែងការណ៍មួយដែលបញ្ជាក់អំពីរបូស ACL ប៉ុន្តែនិយាយថាគាត់កំពុងមានបញ្ហាសរសៃចង ហើយត្រូវបានបញ្ជូនទៅប្រទេសអេស្ប៉ាញដើម្បីជួបអ្នកឯកទេសដើម្បីរកឱ្យឃើញចំនុចនៃបញ្ហារបួសរបស់គាត់។ ទោះយ៉ាងណាក៏ដោយ វាហាក់ដូចជាគាត់នឹងត្រូវអវត្តមានមួយរយៈ ហើយវាអាចមានផលប៉ះពាល់យ៉ាងធំសម្រាប់ក្រុម Man City សម្រាប់ការប្រកួតប្រជែងក្នុងរដូវកាល ២០២៤-២៥។
អ្នកចាត់ការទូទៅរបស់ Man City លោក Pep Guardiola បានសារភាពនៅចំពោះមុខសេចក្តីថ្លែងការណ៍របស់ក្លឹបថា លោកមិនរំពឹងថានឹងអាចហៅកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះអោយមកចូលរួមជាមួយក្រុមវិញបានក្នុងពេលឆាប់ៗនេះនោះទេ។ គាត់បាននិយាយថា៖ “គាត់នឹងអវត្តមានរយៈពេលវែង ប៉ុន្តែវាក៏អាចអវត្តមានខ្លីជាងការរំពឹងទុកផងដែរ។ ជាអកុសលគាត់បានរងរបួស។ នៅពេលនេះខ្ញុំនៅតែមិនអាចប្រាប់អ្នកបានទេ [រយៈពេលប៉ុន្មាន] ព្រោះយើងកំពុងរង់ចាំការបញ្ជាក់ចុងក្រោយពីគាត់ និងគ្រូពេទ្យដើម្បីដឹងច្បាស់ថាគាត់មានបញ្ហាអ្វី ហើយគាត់ត្រូវវះកាត់ប្រភេទអ្វី”។
គាត់បានបន្ថែមថា៖ “យើងមិនចង់ជួបរឿងនេះទេ ប៉ុន្តែពួកយើងនៅតែមានរដូវកាលដ៏ល្អមួយ។ ញុំជឿជាក់យ៉ាងខ្លាំងលើកីឡាកររបស់ខ្ញុំ ខ្ញុំមានកាតព្វកិច្ចស្វែងរកដំណោះស្រាយ។ កីឡាករ Rodri គឺមិនអាចរកអ្នកជំនួសបាន ហើយក្រុមនឹងលេងដោយគញមានខ្សែបម្រើល្អបំផុតក្នុងលោកក្នុងរយៈពេលយូរ។ ពិតណាស់ វាជាការវាយប្រហារដ៏ធំមួយសម្រាប់យើង”។
ក្លឹប Man City សង្ឃឹមថាកីឡាករ Rodri នឹងជាសះស្បើយដោយរលូនពីបញ្ហារបួសរបស់គាត់ ខណៈដែលម្ចាស់ជើងឯក Premier League ព្យាយាមការពារពានរង្វាន់កំពូលរបស់ពួកគេ។ ពួកគេនឹងត្រូវប្រកួតបន្ទាប់នៅថ្ងៃសៅរ៍ ដោយត្រូវប៉ះជាមួយក្លឹប Newcastle៕