កែប៖ ប្រតិភូកីឡាករ កីឡាការិនីទ្រីយ៉ាត្លុងសរុបចំនួន៧៥នាក់បានចុះឈ្មោះរួចរាល់ ត្រៀមចូលរួមប្រកួតកីឡាទ្រីយ៉ាងត្លុង នៅឆ្នេរអង្កោល ខេត្តកែប នៅក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ ឆ្នាំ២០២៤។
លោក ងិន សុខបញ្ញា អគ្គលេខាធិការ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាគូសបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះថា សម្រាប់ការប្រកួតកីឡាទ្រីយ៉ាត្លុងនៃព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ នឹងធ្វើឡើងពីថ្ងៃទី៣១ ខែតុលា ដល់០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តកែប ដោយមានខេត្ត-អង្គភាពចូលរួមចំនួន ៩ មាន ៧៥នាក់ (ស្រី ១៥នាក់) គ្រូបង្វឹក ១៣នាក់ និងប្រតិភូដឹកនាំ ១០នាក់ គណៈកម្មការរៀបចំការប្រកួតចំនួន ៣៧នាក់ (ស្រី ១០នាក់) សរុប ១៣៥នាក់។
ចំពោះវិញ្ញាសាដាក់ឱ្យប្រកួតមានចំនួន៥ រួមមាន៖ ១. ទ្រីយ៉ាត្លុងបុរស មានហែលទឹក ៧៥០ ម៉ែត្រ (៣ជុំ) + ជិះកង់ ២០គីឡូម៉ែត្រ (២ជុំ) + រត់ប្រណាំង ៥គីឡូម៉ែត្រ (២ជុំ)។ ២.ឌូអាត្លុង (Duathlon) មាន រត់ប្រណាំង ៥គីឡូម៉ែត្រ(២ជុំ) + ជិះកង់ ២០គីឡូម៉ែត្រ (២ជុំ)+ រត់ប្រណាំង ២,៥ គីឡូម៉ែត្រ (១ជុំ)។ ៣. ឌូអាត្លុងនារី មាន រត់ប្រណាំង ៥គីឡូម៉ែត្រ (២ជុំ) + ជិះកង់ ២០គីឡូម៉ែត្រ (២ជុំ)+ រត់ប្រណាំង ២,៥ គីឡូម៉ែត្រ(១ជុំ)។ ៤. អាគ័តត្លុងបុរស (Aquathlon) មាន ហែលទឹក ៥០០ម៉ែត្រ (២ជុំ) + រត់ប្រណាំង ២,៥គីឡូម៉ែត្រ (១ជុំ)។ ៥. អាគ័តត្លុងនារី មាន ហែលទឹក ៥០០ ម៉ែត្រ (២ជុំ) + រត់ប្រណាំង ២,៥គីឡូម៉ែត្រ (១ជុំ)។
ព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការលើកទី២ នឹងធ្វើឡើងនៅរាជធានីភ្នំពេញ និងខេត្តចំនួន៤ ក្នុងនោះខេត្តកែប នឹងត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាទ្រីយ៉ាត្លុង ដែលនឹងចាប់ផ្តើមពីថ្ងៃ៣១ ខែតុលា ដល់០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ លើទីតាំងឆ្នេរអង្កោល នៃស្រុកដំណាក់ចង្អើរ ខេត្តកែប ហើយការរត់ភ្លើងគប់នឹងធ្វើឡើងនៅថ្ងៃទី៥ខែតុលា ឆ្នាំ២០២៤។
ការប្រកួតកីឡាជាតិ លើកទី៤ ឆ្នាំ២០២៤ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡាកំណត់យក៣០ប្រភេទកីឡា សហការជាមួយសហព័ន្ធកីឡាជំនាញនានា ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំរៀងរាល់២ឆ្នាំម្តង ដោយការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២នឹងចាប់ផ្តើមពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ខេត្តកែប ខេត្តព្រះសីហនុ ខេត្តស្វាយរៀង និងខេត្តកំពង់ឆ្នាំង។ ព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការលើកទី២ ត្រូវបានប្រារព្ធធ្វើឡើងក្រោមប្រធានបទ “ព្រឹត្តិការណ៍កីឡាជាតិអបអរសាទរព្រែកជីកហ្វូណនតេជោ” ជាមួយនឹងគោលដៅបន្តផ្សព្វផ្សាយ និងបើកយុទ្ធនាការសំខាន់ចំនួន៥ កីឡារស់ក្នុងសន្តិភាព, ពលរដ្ឋម្នាក់លេងកីឡា១ប្រភេទប្រចាំជីវិត, កីឡាគ្មានគ្រឿងញៀន កីឡាគ្មានផ្សែងបារី, កីឡាបៃតង កីឡាស្អាតស្អំ និងកីឡាគ្មានសារធាតុដូប៉ា ឬដូពីង៕