ភ្នំពេញ៖ ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២០ឆ្នាំប្រជែងបាន៣ពិន្ទុពីក្រុមជម្រើសជាតិបារ៉ែនក្រោម២០ឆ្នាំ ដោយលទ្ធផលបច្ចេកទេស ១ទល់០ កាលពីយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នៅក្នុងការប្រកួតទី៣ វគ្គជម្រុះពូល B នៅកីឡដ្ឋាន Fu Jen Catholic University នៃឆាយនិសតៃប៉ិ នៃពានរង្វាន់ជើងឯកទ្វីបអាស៊ី (AFC U20 Asian Cup China PR 2025)។
១គ្រាប់ជ័យជម្នះរបស់ក្រុមកម្ពុជាធ្វើសម្រេចដោយកីឡាករ មាន ចាន់រិទ្ធ នៅនាទី៦៨ បន្ទាប់ពីបញ្ជូនបាល់បានយ៉ាងល្អពីកីឡាករ លីម លោកាថុង និងបញ្ជូនបន្តដោយកីឡាករ ស៊ូ មេងហុង។ ឆ្លងកាត់៣ប្រកួត គឺកម្ពុជាឈ្នះ២ប្រកួត និងចាញ់១ប្រកួត មាន៦ពិន្ទុ ឈរលេខ២បណ្តោះអាសន្ន ខណៈក្រុមអូបេគីស្ថាន ឈរលេខ១ មាន៦ពិន្ទុដែរ។ ក្រោមការដឹកនាំរបស់លោក Koji Gyotoku ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២០ឆ្នាំ ក្រុមកម្ពុជា នៅសល់១ប្រកួតចុងក្រោយជាមួយក្រុមម្ចាស់ផ្ទះ ឆាយនិសតៃប៉ិ នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤។ ការប្រកួតទាំងអស់ក្នុងពូល B ដែលមាន៥ក្រុម បានចាប់ផ្តើមប្រកួតថ្ងៃទី២១ ដល់២៩ ខែកញ្ញា ឆ្នាំ២០២៤ នៅកីឡដ្ឋាន Fu Jen Catholic University ដូចៗគ្នា។
គួរបញ្ជាក់ថា AFC U20 Asian Cup 2025 មាន ៤០ក្រុមចែកចេញជា ១០ពូល ហើយក្រុមលេខ១នៃពូលទាំង១០ស្មើនឹង១០ក្រុម បូកជាមួយនឹងលេខ២ល្អជាងគេ ចំនួន៥ក្រុម ដែលរើសចេញពីក្នុងចំណោម ១០ពូលនេះ នឹងត្រូវបានឡើងទៅជុំផ្តាច់ព្រ័ត្រជាមួយម្ចាស់ផ្ទះ ចិន នាឆ្នាំ២០២៥ខាងមុខ។ ជាបណ្តោះអាសន្ន គិតត្រឹមប្រកួតនេះ ក្រុមU20 កម្ពុជា កំពុងក្តោបក្តាប់ក្នុងដំណែងចំណាត់ថ្នាក់លេខ១ នៃក្រុមចំណាត់ថ្នាក់លេខ២ល្អផ្តាច់គេ ដែលមាន១០ក្រុម (លេខ២) ដែរ ប៉ុន្តែមានតែ៥ក្រុមលើកំពូលតារាងប៉ុណ្ណោះ ដែលនឹងត្រូវឡើងទៅជុំផ្តាច់ព្រ័ត្រជាមួយក្រុមលេខ១នៃពូលទាំង១០ (១០ក្រុម) ទៅជុំផ្តាច់ព្រ័ត្រ នាឆ្នាំ២០២៥ខាងមុខ ដែលប្រទេសចិនធ្វើម្ចាស់ផ្ទះ៕