បរទេស៖ Bayern ត្រូវបានគេស្គាល់ថាបានកំណត់គោលដៅលើអ្នកមានទេពកោសល្យកំពូលរបស់អាល្លឺម៉ង់ ហើយ Wirtz គឺស្ថិតនៅកំពូលនៃបញ្ជីចង់បានរបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយរបស់ Sky Sports បានអោយដឹងថាក្លឹបយក្ស Bayern Munich ប្តេជ្ញានាំយកកីឡាកររូបនេះមកកាន់កីឡដ្ឋាន Allianz Arena ហើយការផ្ទេរនេះអាចកើតឡើងនៅរដូវក្តៅបន្ទាប់។
ខណៈពេលដែលកីឡាករ Xavi Simons ដែលបច្ចុប្បន្នកំពុងខ្ចីនៅ RB Leipzig ពី Paris Saint-Germain ក៏ត្រូវបានចាត់ទុកថាជាជម្រើសផ្ទេរម្នាក់ផងដែរសម្រាប់ក្លឹប Bayern ប៉ុន្តែ Wirtz នៅតែជាគោលដៅដំបូងដដែរ។ ការផ្ទេរនៅក្នុងឆ្នាំ២០២៥ អាចនឹងកើតមានឡើង ហើយតម្លៃផ្ទេរត្រូវបានគេមើលឃើញថាប្រមាណ ១០០លានអឺរ៉ូ ដែលអាចធ្វើអោយ Wirtz ក្លាយជាកីឡាករម្នាក់ដែលថ្លៃជាងគេនៅលីគអាឡឺម៉ង់។ គាត់នៅមានកុងត្រាជាមួយនឹងក្លឹប Levekusen ដល់ឆ្នាំ២០២៧។
ទោះបីជា Bayern កំពុងនាំមុខគេក៏ដោយ ក៏ក្រុមខ្លាំងនៅអឺរ៉ុបដូចជា Real Madrid និង Manchester City នៅតែតាមប្រមាញ់ Wirtz ដដែល។ ក្លឹបទាំងពីរបាននឹងកំពុងតាមដានការអភិវឌ្ឍន៍របស់គាត់យ៉ាងដិតដល់ ដោយសង្ឃឹមថានឹងបន្ថែមខ្សែបម្រើដ៏មានទេពកោសល្យរូបនេះទៅក្នុងក្រុមរបស់ពួកគេ។ ទោះបីជាយ៉ាងណាក៏ដោយ យោងតាម Sky Sports បានអោយដឹងថាកីឡាករ Wirtz ចាប់អារម្មណ៍ក្នុងការផ្ទេរទៅ Bayern Munich មុនពេលពិចារណាក្នុងការផ្ទេរទៅកាន់ក្លឹបនៅក្រៅលីអាឡឺម៉ង។
ក្នុងការប្រកួត Bundesliga ត្រឹមតែ ៦ប្រកួត កីឡាករ Wirtz រកបាន ៤គ្រាប់រួចហើយ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបានម្តង ជាមួយនឹងការស៊ុតបញ្ចូល ២គ្រាប់ផ្សេងទៀតនៅ Champions League ។ គាត់ត្រូវបានកោះហៅដោយលោក Julian Nagelsmann សម្រាប់ការប្រកួត Nations League នាពេលខាងមុខរបស់ក្រុមជម្រើសជាតិអាឡឺម៉ង់ ហើយនឹងត្រូវប្រកួតជាមួយបូស្នៀ និងហឺហ្សេហ្គោវីណា នៅថ្ងៃទី១១ ខែតុលា៕