បរទេស៖ កីឡាករសញ្ជាតិអ៊ុយក្រែនវ័យ ២២ឆ្នាំរូបនេះមានទម្រង់លេងយ៉ាងល្អចាប់តាំងពីការចាប់ផ្តើមនៃរដូវកាល ២០២៤-២៥ ដោយស៊ុតបញ្ចូលទីចំនួន ៩គ្រាប់ក្នុងការបង្ហាញខ្លួន ១១ប្រកួតនៅគ្រប់ការប្រកួតទាំងអស់។ ភាពជាប់លាប់របស់គាត់នៅលើទីលានបានទាក់ទាញចំណាប់អារម្មណ៍ពីម្ចាស់ជើងឯក Premier League គឺក្លឹប Manchester City ដូចដែលបានបញ្ជាក់ដោយប្រធានក្លឹប Shakhtar លោក Palkin ។
ក្លឹប Man City កំពុងស្វែងរកជម្រើសខ្សែបម្រើដែលមានគុណភាព ហើយត្រូវបានគេរំពឹងថានឹងចូលទៅស្វែងរកនៅក្នុងទីផ្សារដោះដូរនាខែមករានេះ បន្ទាប់ពីកីឡាករ Rodri បានរងរបួស ACL កំឡុងពេលប្រកួត Premier League ទល់នឹង Arsenal ដែលធ្វើអោយគាត់អវត្តមានសម្រាប់រដូវកាលដែលនៅសល់។
ថ្លែងទៅកាន់ GOAL និង SPOX លោក Palkin ប្រធានក្លឹប Shakhtar បាននិយាយថា៖ “Manchester City ចាប់អារម្មណ៍លើគាត់ ហើយក្លឹបផ្សេងទៀតមកពីប្រទេសអង់គ្លេសក៏កំពុងមើលគាត់ផងដែរ។ ខ្ញុំប្រាកដថាក្លឹបជាច្រើននឹងដាក់សំណើរសម្រាប់គាត់នៅក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករ”។
គាត់ក៏បានបង្ហើបថា Shakhtar បានខិតជិតក្នុងការលក់ Sudakov នៅរដូវក្តៅ ប៉ុន្តែកិច្ចព្រមព្រៀងមិនបានសម្រេចទេ។ លោក Palkin បានបន្ថែមថា៖ “ប្រាំមួយខែមុន យើងបានចរចារផ្ទេរមួយជាមួយ SSC Napoli ប៉ុន្តែវាមិនដំណើរការទេ”។
បន្ទាប់ពីបានយកឈ្នះលើក្រុម Wolves ក្នុងការជួបគ្នាក្នុងក្របខ័ណ្ឌ Premier League កាលពីចុងសប្តាហ៍មុន ក្រុម Man City នឹងផ្តោតទៅលើការប្រកួតនៅក្របខ័ណ្ឌ Champions League ខណៈដែលពួកគេជួបក្រុម Slavia Praha នៅផ្ទះនាថ្ងៃពុធ៕