បរទេស៖ អនាគតរបស់ Ten Hag នៅ Manchester United នៅតែមិនប្រាកដប្រជា បើទោះបីជាការទទួលជ័យជម្នះលើ Brentford កាលពីលើកមុនក៏ដោយ។ នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាក្លឹបបិសាចក្រហមបានកំណត់អត្តសញ្ញាណ Xavi ជាអ្នកជំនួសដ៏មានសក្តានុពល ហើយបានទាក់ទងទៅបុរសវ័យ ៤៤ឆ្នាំ ចំនួន “ពីរដងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ”។ លោក Xavi បានឈប់ធ្វើការតាំងពីចាកចេញពី Barcelona កាលពីចុងរដូវកាលមុន ហើយក៏មិនចង់ទៅដឹកនាំក្រុមនៅទឹកអីអេស្ប៉ាញម្តងទៀតដែរ។
លោក Ten Hag ស្ថិតក្រោមសម្ពាធបន្ទាប់ពីការចាប់ផ្តើមរដូវកាលដ៏គួរអោយខកចិត្តមួយ។ លោក Sir Jim Ratcliffe បានសារភាពថាក្លឹបបច្ចុប្បន្នមិនស្ថិតនៅទីតាំងដែលពួកគេចង់បាននោះទេ ប៉ុន្តែបានទទូចថាការបណ្តេញ Ten Hag មិនមែនជាអ្វីដែលត្រូវធ្វើឡើងនោះទេ។ ក្លឹប United ត្រូវបានជម្រុញដោយជ័យជំនះលើក្រុម Brentford កាលពីថ្ងៃសៅរ៍ ប៉ុន្តែលោក Ten Hag ដឹងថាអនាគតរបស់គាត់នឹងបន្តបាន លុះត្រាតែគាត់អាចកែលម្អយ៉ាងខ្លាំងទាំងលទ្ធផល និងទម្រង់លេងនៅ Old Trafford ។
លោក Ten Hag បាននិយាយអំពីអនាគតរបស់គាត់បន្ទាប់ពីបានឃើញក្រុមរបស់គាត់យកឈ្នះ Brentford ។ គាត់បាននិយាយថា “ការផ្តោតអារម្មណ៍របស់ខ្ញុំគឺតែលើរឿងនេះ។ អ្វីដែលគ្រប់គ្នាកំពុងសរសេរគឺចេញពីស្មារបស់ខ្ញុំ។ ខ្ញុំអាចដោះស្រាយជាមួយនឹងបញ្ហានេះ។ កីឡាករត្រូវគិតអំពីទម្រង់លេងរបស់ក្រុម មានក្រមសីលធម៌ការងារត្រឹមត្រូវ និងដាក់អ្វីៗទាំងអស់ទៅក្នុងការប្រកួត។ ខ្ញុំដឹងថាពួកគេជាកីឡាករកំពូល។ ប្រសិនបើអ្នកមានការតាំងចិត្ត នោះពួកយើងនឹងអាចស៊ុតបញ្ចូលទី និងនាំមកនៅជ័យជំនះ។ នោះជាអ្វីដែលអ្នកគ្រប់គ្នារំពឹងទុក”។
ក្លឹប Manchester United នឹងត្រូវធ្វើការប្រកួតយ៉ាងមមាញឹកមួយសម្រាប់សប្តាហ៍នេះ ដោយពួកគេនឹងត្រូវប្រកួតជាមួយក្រុម Fenerbahce ដែលគ្រប់គ្រងដោយគ្រូបង្វឹកចាស់លោក Jose Mourinho ក្នុងក្របខ័ណ្ឌ Europa League នៅថ្ងៃព្រហស្បតិ៍ បន្ទាប់មកនឹងត្រូវប្រកួតជាមួយ West Ham នៅកីឡដ្ឋាន London Stadium សម្រាប់ថ្ងៃអាទិត្យ៕