បរទេស៖ ក្លឹប Chelsea បានចុះហត្ថលេខាលើកីឡាករជាច្រើនក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ ប៉ុន្តែគ្រូបង្វឹកលោក Enzo Maresca នៅតែចង់ពង្រឹងក្រុមជាមួយនឹងកីឡាករដែលមានទេពកោសល្យ ខណៈដែលគាត់សម្លឹងរកការស្ដារឡើងវិញនូវស្ថានភាពរបស់ក្លឹបអោយត្រលប់ក្លាយជាកក្លឹបដ៏ល្អមួយនៅតំបន់អឺរ៉ុប។ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាខ្សែការពារកណ្តាលគឺជាអាទិភាពសម្រាប់អតីតគ្រូបង្វឹក Leicester ខណៈតាមការចេញផ្សាយរបស់ O Jogo វិញក៏បានបញ្ជាក់ថាកីឡាករ Araujo របស់ Benfica ស្ថិតក្នុងបញ្ជីសម្រាំងរបស់ពួកគេ។ កីឡាករវ័យ ២២ឆ្នាំបានបង្ហាញទម្រង់លេងយ៉ាងល្អនៅក្នុងការប្រកួត ៣៦ដងរបស់គាត់នៅព័រទុយហ្គាល់ ហើយពេលនេះបានធ្វើអោយមានការទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបតោខៀវ។
ការស្វែងរកគ្រាប់បាល់មិនមែនជាបញ្ហាសម្រាប់ក្រុមតោខៀវក្នុងរដូវកាលនេះទេ មានតែក្រុមចំនួនបីប៉ុណ្ណោះដែលបានស៊ុតបាល់បញ្ចូលទីច្រើនជាងពួកគេ។ ប៉ុន្តែពួកគេបានធ្វើអោយរបូតគ្រាប់បាល់ ១៣គ្រាប់ក្នុងការប្រកួត ១១ដង ហើយវាមិនមែនជារឿងភ្ញាក់ផ្អើលនោះទេដែលមានព័ត៌មានចចាមអារ៉ាមក្នុងការចុះហត្ថលេខាយកខ្សែការពារកណ្តាល។ កីឡាករ Tosin Adarabioyo បានមកជំនួសកន្លែង Thiago Silva នៅរដូវក្តៅ ប៉ុន្តែគាត់មិនទាន់ផ្តល់ការប្រកួតប្រជែងពិតប្រាកដណាមួយដល់ Levi Colwill និង Wesley Fofana នៅឡើយទេ។ ភាពប៉ិនប្រសប់ និងកម្ពស់ខ្ពស់របស់កីឡាករ Araujo នឹងធ្វើឱ្យគាត់ក្លាយជាការចុះហត្ថលេខាដ៏ឈ្លាសវៃ ប្រសិនបើ Chelsea មានឆន្ទៈក្នុងការចំណាយលើការស្នើសុំរបស់ Benfica ។
កីឡាករ Araujo ត្រូវបានកោះហៅឲ្យចូលក្រុមជម្រើសជាតិព័រទុយហ្គាល់សម្រាប់ការប្រកួត Nations League នាពេលខាងមុខ បន្ទាប់ពីទម្រង់លេងដ៏អស្ចារ្យរបស់គាត់។ ខ្សែការពារវ័យក្មេងនឹងចូលរួមជាមួយ Cristiano Ronaldo និងកីឡាករផ្សេងទៀត នៅពេលពួកគេត្រៀមជួបជាមួយប៉ូឡូញ និងក្រូអាត។
របាយការណ៍ជឿថា Benfica ទាមទារតម្លៃខ្ពស់សម្រាប់កីឡាករ Araujo ដែលធ្វើអោយការផ្ទេរមួយនេះមិនមែនជារឿងងាយស្រួលនោះទេ។ គាត់មានកុងត្រានៅក្លឹបរហូតដល់ឆ្នាំ 2028 ហើយអ្វីដែលគាត់ចាប់អារម្មណ៍កាន់តែច្រើន វាទំនងជាថាក្លឹប Chelsea នឹងត្រូវចំណាយប្រាក់ដែលស្រដៀងនឹងអ្វីដែលពួកគេបានចំណាយសម្រាប់ Enzo Fernandez ៕