បរទេស៖ ក្លឹបយក្សអ៊ីតាលីត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរយកកីឡាករ Zirkzee ដែលស៊ុតបានតែ ៤គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួន ២៧ដង ចាប់តាំងពីផ្ទេរទៅកាន់ក្លឹប Manchester United ក្នុងតម្លៃ ៣៦លានផោន កាលពីរដូវក្តៅកន្លងមក ហើយហាក់បីដូចជាទទយលបានការសើចចំអកដោយអ្នកគាំទ្ររបស់គាត់នៅពេលដែលប្តូរចេញក្នុងតង់ទី១ ពេលដែលក្លឹបបិសាចក្រហមចាញ់ ក្រុម Newcastle ២-០ កាលពីថ្ងៃច័ន្ទ។ កីឡាករសញ្ជាតិហូឡង់រូបនេះស៊ុតបញ្ចូលទីបាន ១២គ្រាប់នៅអ៊ីតាលីកាលពីរដូវកាលមុន ហើយការត្រលប់មកកាន់ទឹកដីអ៊ីតាលីអាចជាគន្លឹះក្នុងការស្វែងរកទម្រង់លេងឡើងវិញ។
ក្លឹប Untied សង្ឃឹមថាការចុះហត្ថលេខាលើកីឡាករ Zirkzee វ័យ ២៣ឆ្នាំ អាចនឹងរួមចំណែកឆ្ពោះទៅរករលកថ្មីនៃកីឡាករវ័យក្មេងដែលមានទេពកោសល្យសម្រាប់តំបន់ប្រយុទ្ធ ដែលរួមមាន Rasmus Hojlund, Amad Diallo, Alejandro Garnacho និង Marcus Rashford ។ ចាប់តាំងពីស៊ុតបញ្ចូលទីយកជ័យជំនះលើក្រុម Fulham ខ្សែប្រយុទ្ធរូបនេះបានព្យាយាមបង្កើតឥទ្ធិពលសម្រាប់ក្រុមដែលមើលទៅមិនមានទម្រង់លេង និងទំនុកចិត្ត។ មានតែក្លឹប Napoli ប៉ុណ្ណោះដែលស៊ុតបញ្ចូលទីបានតិចជាង Juventus ក្នុងក្រុមកំពូលទាំង ៦ នៃ Serie A ហើយពួកគេអាចស្វែងរកការចុះហត្ថលេខាយកកីឡាករ Zrikzee ត្រឡប់ទៅប្រទេសអ៊ីតាលីវិញ ខណៈដែលពួកគេមានបំណងរក្សាការប្រកួតប្រជែងនៅលីគ។
នាយកគ្រប់គ្រងក្លឹប Juventus លោក Giuntoli មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវក្រុមរបស់ខ្លួនក្នុងខែមករា។ គាត់បាននិយាយថា៖ “Zirkzee? វាមិនសមរម្យទេក្នុងការនិយាយឈ្មោះ ប៉ុន្តែយើងកំពុងតាមដានឱកាសដ៏គួរឱ្យចាប់អារម្មណ៍ណាមួយ”។
អនាគតរបស់ Zirkzee ទំនងជាត្រូវបានសម្រេចដោយគ្រូបង្វឹកថ្មីរបស់ United លោក Ruben Amorim ដែលបានបង្ហាញភាពឃោរឃៅរួចមកហើយ ដោយបានដកកីឡាករ Marcus Rashford ចេញពីក្រុម ចំនួន ៤ប្រកួតជាប់ៗគ្នាកាលពីខែមុន។ បន្ទាប់ពីការប្តូរចេញនៅក្នុងការប្រកួតជាមួយ Newcastle កីឡាករ Zirkzee ត្រូវតែខំប្រឹងប្រែងដើម្បីស្តារអាជីពរបស់គាត់នៅ United ដែលទើបតែចាប់ផ្តើមប៉ុណ្ណោះ៕