បរទេស៖ លោក Arteta មានបំណងក្នុងការផ្ទេរជាច្រើនសម្រាប់ក្រុមរបស់គាត់នៅមុនរដូវកាលខាងមុខនេះ ដោយផ្តោតលើការផ្ទេរយកនៅខ្សែប្រយុទ្ធលំដាប់កំពូល និងជម្រើសក្នុងតំបន់ប្រយុទ្ធ។ នេះបើយោងតាមការចេញផ្សាយរបស់ The Mirror បានអោយដឹងថាដើម្បីធ្វើឱ្យមានតុល្យភាពបញ្ជីគណនីរបស់ពួកគេ និងដើម្បីបំពេញនៅការចំណាយផ្នែកហិរញ្ញវត្ថុមកវិញ ក្លឹប Arsenal អាចនឹងត្រូវលក់កីឡាករបច្ចុប្បន្នមួយចំនួន។
អនាគតរបស់កីឡាករ Trossard គឺមិនប្រាកដប្រជា ខណៈដែលកុងត្រារបស់គាត់នៅសល់តែមួយឆ្នាំទៀតប៉ុណ្ណោះ បើទោះបីជាមិនសូវបានបង្ហាញខ្លួនលើទីលានក៏ដោយ។ ដោយឡែកកីឡាករ Martinelli បានជួបបញ្ហារបួស ហើយមិនទាន់បង្ហាញទម្រង់លេងល្អបំផុតរបស់គាត់នៅរដូវកាលនេះទេ។ យ៉ាងណាមិញ កីឡាករប្រេស៊ីលស្ថិតនៅក្នុងការចាប់អារម្មណ៍ពីក្លឹបផ្សេងទៀត ដោយបានទុកគាត់នៅក្នុងបញ្ជីនៃការកីឡាករលក់ចេញរបស់ក្លឹបដដែរ។
Arteta បានកំណត់គោលដៅរបស់គាត់លើកីឡាករសំខាន់ៗជាច្រើនដោយ Alexander Isak របស់ Newcastle ដែលជាជម្រើសកំពូល។ ទោះជាយ៉ាងណាក៏ដោយក្លឹប Arsenal ក៏អាចផ្ទេរយកកីឡាករ Benjamin Sesko របស់ក្លឹប RB Leipzig ដែលរំពឹងថាមានតម្លៃខ្លួនប្រមាណ ៥៥លានផោន។ ក្រៅពីខ្សែប្រយុទ្ធថ្មី កាំភ្លើងធំក៏មានតម្រូវការទិញខ្សែបម្រើស្លាបឆ្វេងដែរ។ Nico Williams របស់ក្លឹប Athletic Club ត្រូវបានគេជឿថាជាគោលដៅកំពូល ខណៈកីឡាករ Antoine Semenyo របស់ Bournemouth ក៏ត្រូវបានក្លឹបតាមដានផងដែរ។
ខណៈពេលដែលការផ្តោតសំខាន់លើការពង្រឹងការវាយលុកជាចម្បង ក្លឹប Arsenal ក៏នឹងត្រូវធ្វើការផ្លាស់ប្តូរនៅតំបន់បម្រើ និងការពារផងដែរ។ កីឡាករ Jorginho និង Thomas Partey ទាំងពីរគ្រោងនឹងចាកចេញដោយគ្មានតម្លៃខ្លួននៅពេលដែលកុងត្រារបស់គាត់ផុតនៅរដូវក្តៅនេះ។ ទោះជាយ៉ាងណាក៏ដោយ Arteta ត្រៀមខ្លួនរួចជាស្រេចក្នុងការនាំយកនៅខ្សែបម្រើថ្មីដែលមានតម្លៃ ៥១លានផោន គឺកីឡាករ Martin Zubimendi របស់ Real Sociedad ដែលបានចាប់ផ្តើមធ្វើការពិភាក្សារួចទៅហើយ។ ការផ្លាស់ប្តូរផ្នែកការពារក៏ស្ថិតក្នុងគម្រោងដូចគ្នា ដោយកីឡាករ Jakub Kiwior និង Oleksandr Zinchenko ទំនងជាត្រូវបានលក់ចេញ។
ក្រៅពីការផ្លាស់ប្តូរកីឡាករ ខាងក្លឹប Arsenal ក៏បានកំពូងស្វែងរកនៅនាយកកីឡាថ្មីដើម្បីជំនួស Edu ដែលបានចាកចេញពីតំណែងរបស់គាត់កាលពីឆ្នាំមុន។ នាយកកីឡាបណ្តោះអាសន្នលោក Jason Ayto គឺជាបេក្ខភាពសម្រាប់តួនាទីនេះ ប៉ុន្តែក្លឹបក៏បានសម្លឹងឃើញនៅបេក្ខភាពផ្សេងទៀតដែលអាចពិចារណាផងដែរ។ លោក Roberto Olabe ដែលបច្ចុប្បន្ននៅ Real Sociedad ត្រូវបានចាត់ទុកថាជាអ្នកនាំមុខសម្រាប់តំណែងនេះ។ លើសពីនេះ អតីតនាយកក្លឹប Manchester United និង Newcastle លោក Dan Ashworth រួមជាមួយ Andrea Berta និង Thiago Scuro ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានពិចារណាសម្រាប់តួនាទីនេះដូចគ្នា។
ខណៈដែល Arsenal សម្លឹងមើលការពង្រឹងក្រុមរបស់ពួកគេ និងរៀបចំក្រុមរបស់ពួកគេឡើងវិញសម្រាប់អនាគត ធ្វើអោយប៉ុន្មានខែខាងមុខជាពេលវេលាដ៏សំខាន់សម្រាប់ពួកគេក្នុងការកំណត់គោលដៅកីឡាករ នឹងបេក្ខភាពនាយកផ្នែកកីឡាដែលចង់បាន។ ក្លឹបកាំភ្លើងធំនឹងត្រលប់មកវិញក្នុងការប្រកួតទល់នឹង PSV នៅថ្ងៃអង្គារក្នុងជើងទីមួយនៃការប្រកួត Champions League ក្នុងវគ្គ ១៦ក្រុម របស់ពួកគេ៕