បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Diario Sport បានអោយដឹងថាតារាឆ្នើមរបស់ក្រុមហង្សក្រហម Liverpool កីឡាករ Mohamed Salah ត្រូវបានរាយការណ៍ថាបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការចូលរួមជាមួយក្រុម Barcelona។ ខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីបរូបនេះមានទម្រង់លេងគួរឲ្យភ្ញាក់ផ្អើលក្នុងរដូវកាលនេះ ដោយស៊ុតបាន ២៧គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទី ១៧ លើកក្នុងការបង្ហាញខ្លួនតែ ២៩ ប្រកួតនៅ Premier League។
ខណៈពេលដែល Salah បើកចំហចំពោះការផ្លាស់ប្តូរទៅកាន់ប្រទេសអេស្ប៉ាញ គាត់បានទទួលបានសំណើរពីក្លឹប Al Hilal នៅអារ៉ាប៊ីសាអូឌីត ដោយពួកគេហ៊ានផ្តល់អោយគាត់នៅប្រាក់ឈ្នួល ៥០លានអឺរ៉ូក្នុងមួយរដូវកាល។ សម្រាប់កីឡាករវ័យ ៣២ឆ្នាំដើម្បីចូលរួមជាមួយក្លឹបយក្សកាតាឡាន គាត់នឹងត្រូវទទួលយកការកាត់ប្រាក់ឈ្នួលយ៉ាងច្រើន ពីអ្វីដែលគាត់ទទួលបាន ១៥លានផោននៅក្លឹប Liverpool នាពេលបច្ចុប្បន្ននេះ៕