បរទស៖ កីឡាករ Guler បានចូលរួមជាមួយ Real Madrid នៅរដូវក្តៅឆ្នាំ២០២៣ បន្ទាប់ពីបដិសេធគូប្រជែងក្លឹប Barcelona ។ ទោះជាយ៉ាងណាក៏ដោយ ការផ្ទេររបស់តារាសញ្ជាតិទួរគីទៅកាន់ Santiago Bernabeu មិនបានទទួលបានផ្លែផ្កាច្រើននោះទេមកទល់នឹងពេលនេះ ខណៈដែលកីឡាករវ័យក្មេងរូបនេះបានចំណាយពេលត្រឹមតែ ១៥៣០នាទីប៉ុណ្ណោះក្នុងរយៈពេល ១ឆ្នាំកន្លះនៅក្លឹប។
ដូច្នេះហើយ ពាក្យចចាមអារ៉ាមអំពីការផ្ទេរត្រូវបានផ្ទុះឡើងទាក់ទងនឹងកីឡាករ Guler សម្រាប់ទីផ្សារដោះដូររដូវក្តៅខាងមុខ។ លោក Monchi នាយកផ្នែកកីឡារបស់ Aston Villa បានបញ្ជាក់ថា ក្រុមខ្លួនមានការចាប់អារម្មណ៍លើកីឡាករ Guler។
ថ្លែងទៅកាន់ Marca លោក Monchi បាននិយាយថា “ខ្ញុំស្គាល់គាត់ច្បាស់ ព្រោះគាត់ជាកីឡាករដែលនាយកកីឡាគ្រប់រូបបានធ្វើការតាមដានតាំងពីគាត់នៅក្នុងប្រទេសទួរគី។ គាត់ជាកីឡាករដែលបំពេញតម្រូវការមួយចំនួន ហើយអាចមានភាពទាក់ទាញសម្រាប់ Aston Villa ព្រោះយើងកំពុងស្វែងរកមុខតំណែងនោះ។ វាមិនមែនជាមុខតំណែងដូច Marcos Asensio នោះទេ ប៉ុន្តែយើងកំពុងស្វែងរកនៅកីឡាករដែលអាចលេងជាកីឡាករលេខ១០ ហើយក៏អាចលេងនៅខាងក្រៅប្រអប់ផងដែរ”។
“គំនិតផ្ទាល់ខ្លួនរបស់ខ្ញុំ ខ្ញុំគិតថាគាត់ជាកីឡាករដែលមានជំនាញបច្ចេកទេសល្អ ហើយខ្ញុំក៏គិតថាគាត់មានបុគ្គលិកលក្ខណៈដែរ គាត់បង្ហាញវានៅពេលគាត់លេងឱ្យក្រុមជម្រើសជាតិ។ នៅទីនោះ គាត់ទទួលតួនាទីដែលមិនទាក់ទងនឹងអាយុរបស់គាត់”។
កីឡាករ Guler បានសារភាពថាគាត់នៅតែចង់បន្តនៅ Real Madrid នៅរដូវកាលក្រោយ ទោះបីជាគាត់ខ្វះពេលលេងក៏ដោយ ព្រោះគាត់ជឿជាក់ថាគាត់នឹងអាចឈានជើងចូលទៅក្នុងក្រុមដំបូងរបស់ក្រុមអធិរាជស៕