បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Telegraph បានអោយដឹងថាក្លឹបយក្សរបស់អាល្លឺម៉ង់កំពុងត្រៀមដាក់សំណើរផ្ទេរកីឡាករវ័យ ២២ឆ្នាំដែលមានតម្លៃ ៦០លានផោនរបស់ក្លឹប Brighton។ ប្រភពដដែលបានអោយដឹថាក្លឹប Brighton គ្រោងនឹងរកបានប្រាក់ចំណេញយ៉ាងច្រើនពីលើការចំណាយ ១៦លានផោនរបស់ពួកគេក្នុងការទិញអ្នកចាំទីរូបនេះពីក្លឹប Anderlecht ក្នុងឆ្នាំ២០២៣។
ក្លឹប Bayern បាននឹងកំពុងស្វែងរកអ្នកមកជំនួសកន្លែងអ្នកចាំទីវ័យចំណាស់ Neuer ដែលគាត់នឹងឈានដល់វ័យ ៤០ឆ្នាំនៅឆ្នាំក្រោយនេះ។ កិច្ចសន្យារបស់គាត់នឹងផុតកំណត់នៅឆ្នាំ២០២៦ ហើយជាមួយនឹងកីឡាករជើងចាស់បច្ចុប្បន្នកំពុងសម្រាកជាមួយនឹងរបួសរហែកសាច់សដុំ ធ្វើអោយក្លឹបនៅ Bundesliga កំពុងរៀបចំផែនការបន្ទាប់សម្រាប់តំណែងអ្នកចាំទី។ ហើយវាត្រូវបានមើលឃើញថាអ្នកចាំទី Verbruggen គឺជាគោលដៅកំពូលរបស់ពួកគេ។
អ្នកចាំទី Verbruggen ដែលមានកុងត្រាជាមួយក្លឹប Brighton ដល់ឆ្នាំ២០២៨ បានបង្ហាញខ្លួន ៥៧លើកសម្រាប់ក្រុមមកទល់នឹងពេលនេះ ដោយរក្សាសំណាញ់ទីមិនអោយរបូតគ្រាប់បាល់បាន ១៤ដង។
ក្នុងពេលអវត្តមានរបស់អ្នកចាំទី Neuer ក្រុម Bayern ត្រូវពឹងផ្អែកលើអ្នកចាំទី Jonas Urbig សម្រាប់រដូវកាលដែលនៅសល់របស់ក្លឹប៕