បរទេស៖ ចាប់តាំងពីមកដល់ក្លឹប Red Bull Salzburg កីឡាករ Sesko ត្រូវបានគេចាត់ទុកថាជាខ្សែប្រយុទ្ធវ័យក្មេងដែលមានជោគជ័យបំផុតម្នាក់នៅអឺរ៉ុប។ ការផ្ទេរដ៏គួរអោយចាប់អារម្មណ៍របស់គាត់ទៅកាន់ក្របខ័ណ្ឌ Bundesliga ជាមួយក្លឹប Leipzig បានពង្រឹងកេរ្តិ៍ឈ្មោះរបស់គាត់អោយក្លាយជាខ្សែប្រយុទ្ធឆ្នើមមួយរូប ដោយគាត់បានស៊ុតបញ្ចូលទី ៣៥គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទីបានចំនួន ៨ដងក្នុងការបង្ហាញខ្លួន ៧៨លើកនៅគ្រប់ការប្រកួតទាំងអស់។ ទម្រង់លេងរបស់គាត់បានទាក់ទាញចំណាប់អារម្មណ៍ក្លឹបធំៗ មួយចំនួននៅតំបន់អឺរ៉ុបដូចជា Manchester United, Arsenal, AC Milan និង Bayern Munich ដែលសុទ្ធសឹងជាក្លឹបដែលតាមដានទៅលើស្ថានភាពរបស់គាត់។
នេះបើយោងតាមការចេញផ្សាយរបស់ Bild បានអោយដឹងថាកីឡាករ Sesko កំពុងស្វែងរកការផ្ទេរមួយ ដែលអាចអោយគាត់លេងបាននៅក្នុងក្រុមជម្រើសដំបូងទៀតទាត់។ ទោះបីជាមានការជឿជាក់ពីក្លឹប Bayern ថាកីឡាករ Sesko គឺសាកសមក្នុងការមកដើរតួរជាកីឡាករបម្រុងរបស់ Harry Kane ប៉ុន្តែកីឡាករវ័យ ២១ឆ្នាំរូបនេះមិនចាប់អារម្មណ៍ក្នុងការអង្គុយនៅលើកៅអីបម្រុងនោះទេ។ ប្រសិនបើក្លឹបយក្ស Bayern យកចិត្តទុកដាក់ក្នុងការចុះហត្ថលេខាលើគាត់ ពួកគេនឹងត្រូវផ្លាស់ប្តូរប្រព័ន្ធលេងរបស់ពួកគេ ដែលកំពុងលេងដោយប្រើប្រាស់ខ្សែប្រយុទ្ធតែម្នាក់ គឺកីឡាករសញ្ជាតិអង់គ្លេស Harry Kane។ កត្តាមួយដែលធ្វើឱ្យ Sesko ក្លាយជាគោលដៅទាក់ទាញសម្រាប់ក្លឹបកំពូលៗគឺលក្ខខណ្ឌផ្តាច់កុងត្រាដែលសមហេតុផលរបស់គាត់។ កិច្ចសន្យាបច្ចុប្បន្នរបស់គាត់អនុញ្ញាតឱ្យគាត់ចាកចេញក្នុងតម្លៃ ៧០លានអឺរ៉ូ ទោះបីជាតួលេខនេះអាចកើនឡើងដល់ ៨០លានអឺរ៉ូ ប្រសិនបើទម្រង់លេងរបស់គាត់កាន់តែល្អឡើង។ លើសពីនេះទៅទៀត របាយការណ៍បានបង្ហាញថា Leipzig អាចមានឆន្ទៈក្នុងការចរចារផ្ទេរក្នុងតម្លៃប្រហែល ៧០លានអឺរ៉ូ ដែលធ្វើឱ្យគាត់ជាជម្រើសដ៏មានប្រសិទ្ធិភាព។
កីឡាករ Sesko មិនមែនជាខ្សែប្រយុទ្ធតែម្នាក់គត់ដែលទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបកំពូលៗនៅអឺរ៉ុប។ ទីផ្សារដោះដូរកីឡាកររដូវក្តៅឆ្នាំ២០២៤ ត្រូវបានគេរំពឹងថានឹងឃើញការផ្លាស់ប្តូរក្នុងចំណោមខ្សែប្រយុទ្ធឆ្នើម ដោយមានក្រុមជាច្រើនកំពុងប្រជែងគ្នារកអ្នកស៊ុតបញ្ចូលទីលំដាប់ពិភពលោក។ ក្រៅពីកីឡាករ Sesko ក្លឹប United, Chelsea និង Arsenal ក៏កំពុងកំណត់គោលដៅលើខ្សែប្រយុទ្ធ Victor Osimhen របស់ Napoli, Viktor Gyokeres របស់ Sporting CP និង Alexander Isak របស់ Newcastle United។ តម្រូវការសម្រាប់ខ្សែប្រយុទ្ធប្រកបដោយគុណភាព គឺមានការកើនឡើងដែលសូម្បីតែ Liam Delap របស់ Ipswich Town, Hugo Ekitike របស់ Eintracht Frankfurt និង Jonathan David របស់ Lille ក៏បានក្លាយជាជម្រើសដល់មានសក្តានុពលសម្រាប់ក្លឹបដែលកំពុងស្វែងរកការពង្រឹងតំបន់ប្រយុទ្ធ។
សម្រាប់ពេលនេះ Sesko នៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹងចំពោះក្រុម Leipzig ខណៈដែលពួកគេប្រយុទ្ធដើម្បីទទួលបានកៅអី Champions League សម្រាប់រដូវកាលក្រោយ។ ក្លឹបនៅ Bundesliga ដែលបច្ចុប្បន្នកំពុងធ្វើការប្រកួតប្រជែងយកតំណែងកំពូលតារាងទាំង ៤ ហើយគោលបំណងចម្បងរបស់ខ្សែប្រយុទ្ធគឺដើម្បីជួយពួកគេឱ្យសម្រេចបាននូវគោលដៅនោះ។ ខណៈពេលដែលការរំពឹងទុកអំពីអនាគតរបស់គាត់នៅតែបន្តកើនឡើង ខ្សែប្រយុទ្ធស្លូវេនីត្រូវបានគេរំពឹងថានឹងពន្យារពេលការសម្រេចចិត្តរហូតដល់រដូវក្តៅ។ ការផ្លាស់ប្តូរបន្ទាប់របស់គាត់នឹងពឹងផ្អែកភាគច្រើនទៅលើក្លឹបណាដែលអាចផ្តល់ឱ្យគាត់នូវការរួមបញ្ចូលគ្នាដ៏ល្អបំផុតនៃការប្រកួតបាល់ទាត់ ឱកាសអភិវឌ្ឍន៍ និងពេលវេលាលេងទៀងទាត់៕