បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Telegraph បានអោយដឹងថាគ្រូបង្វឹក Maresca នឹងបន្តនៅ Stamford Bridge ទោះបីជាមានអ្វីកើតឡើងនៅក្នុងការប្រកួតបីចុងក្រោយរបស់ពួកគេនៃរដូវកាលនេះ។ ក្រុមតោខៀវបានឈរនៅលេខរៀងទី៥ ក្នុងក្របខ័ណ្ឌ Premier League ហើយការឈ្នះពីរលើកនឹងកក់កៅអីមួយសម្រាប់ពួកគេក្នុងការលេងនៅក្របខ័ណ្ឌ Champions League នារដូវកាលក្រោយ ប៉ុន្តែរបាយការណ៍នេះបាននិយាយថាបុរសសញ្ជាតិអ៊ីតាលីនឹងបន្តដឹកនាំបើទោះបីជា Chelsea មិនបានលេង Champions League នៅរដូវកាលក្រោយក៏ដោយ។
ក្លឹប Chelsea សន្មត់ថានឹងផ្តល់អោយ Maresca នៅការដឹកនាំក្រុម ២រដូវកាល មុនពេលធ្វើការវាយតម្លៃអំពីការដឹកនាំរបស់គាត់។ ប្រសិនបើពួកគេឈ្នះ Conference League និងមានលក្ខណៈគ្រប់គ្រាន់សម្រាប់ Champions League នោះ គណៈគ្រប់គ្រង់ក្រុមតោខៀវនឹងចាប់ទុកថាជារដូវកាលដ៏ជោគជ័យមួយ។
ប្រសិនបើ Chelsea មិនអាចទទួលបានលទ្ធផលលេង Champions League វានឹងត្រូវបានគេមើលឃើញថាជា “ការខកចិត្ត” ជាជាង “វិបត្តិនៃការរុះរើក្រុម”។
ក្លឹប Chelsea បញ្ចប់រដូវកាលរបស់ពួកគេជាមួយនឹងការប្រកួត Premier League ទល់នឹង Manchester United និង Nottingham Forest មុនពេលប៉ះ Real Betis ក្នុងវគ្គផ្តាច់ព្រ័ត្រ Conference League ៕