បរទេស៖ កីឡាករ Denzel Dumfries ដែលមានកុងត្រាជាមួយក្លិប Inter រហូតដល់ឆ្នាំ ២០២៨ ត្រូវបានគេរាយការណ៍ថា បានទាក់ទាញចំណាប់អារម្មណ៍ពីក្លិបនៅ Premier League កាលពីពេលថ្មីៗនេះ ខណៈដែលក្លិប Barcelona ក៏ធ្លាប់បានចាប់អារម្មណ៍លើគាត់ផងដែរ មុនពេលពួកគេបញ្ចប់កិច្ចសន្យាជាមួយកីឡាករ Jules Kounde។
ខណៈដែលកីឡាករជម្រើសជាតិហូឡង់រូបនេះបានបន្តនៅកីឡដ្ឋាន San Siro គាត់បានទទួលស្គាល់ថាគាត់នឹងបើកចំហរចំពោះការផ្តល់ជូនពីលីគកំពូលអង់គ្លេសនាពេលអនាគតដ៏ខ្លីខាងមុខ។
គាត់បាននិយាយថា៖ «ខ្ញុំសប្បាយចិត្តនៅក្លិប Inter ប៉ុន្តែខ្ញុំចង់ទៅលេងនៅ Premier League។ ខ្ញុំអាចមើលឃើញខ្លួនឯងលេងនៅអង់គ្លេស។ Premier League ជាលីគដ៏អស្ចារ្យ ហើយខ្ញុំគិតថាខ្ញុំអាចបង្ហាញទម្រង់លេងល្អបំផុតរបស់ខ្ញុំនៅទីនោះបានផងដែរ។ ប្រសិនបើមានឱកាសអាជីពកើតឡើង ខ្ញុំនឹងចាប់អារម្មណ៍»។
ក្លិប Inter បានចុះហត្ថលេខាលើកីឡាករ Dumfries ពីក្លិប PSV ក្នុងឆ្នាំ ២០២១ ដើម្បីមកជំនួសតំណែងរបស់ Achraf Hakimi ដែលបានចាកចេញទៅចូលរួមជាមួយក្លិប Paris Saint-Germain។ ក្នុងរយៈពេល ៤ រដូវកាលនៅអ៊ីតាលី Dumfries បានស៊ុតបញ្ចូលទី ២៣ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបាន ២៦ លើក ដែលធ្វើឱ្យគាត់ក្លាយជាកីឡាករសំខាន់សម្រាប់ក្លិប Inter។ ក្លិប Man City បានបង្ហាញចំណាប់អារម្មណ៍លើកីឡាកររូបនេះ ខណៈដែលតម្លៃផ្ដាច់កុងត្រារបស់គាត់មានតម្លៃ ២៥ លានអឺរ៉ូ (ប្រហែល ២១ លានផោន / ២៩ លានដុល្លារ) ប៉ុន្តែមិនបានធ្វើការផ្ទេរនោះទេ។
ក្លិប Inter បានរងបរាជ័យក្នុងផ្ទះ ២-១ ក្រោមថ្វីជើងក្លិប Udinese ហើយ Dumfries នឹងមានគោលបំណងបង្ហាញទម្រង់លេងល្អបំផុតរបស់គាត់នៅក្នុងការប្រកួតទល់នឹងក្លិប Juventus នៅក្នុងកម្មវិធី Derby d’Italia ចុងសប្តាហ៍នេះ៕