Otamendi នឹងចូលនិវត្តន៍ពីក្រុមជម្រើសជាតិអាហ្សង់ទីនក្រោយចប់ World Cup ២០២៦

បរទេស៖ ខ្សែការពារជម្រើសជាតិអាហ្សង់ទីន Otamendi បានបញ្ជាក់ក្នុងបទសម្ភាសន៍មួយថា ពេលវេលារបស់គាត់ជាមួយក្រុមជម្រើសជាតិនឹងត្រូវបញ្ចប់ក្រោយការប្រកួត World Cup ដោយការប្រកួតជម្រុះថ្មីៗនេះទល់នឹងក្រុម Venezuela គឺជាការប្រកួតផ្លូវការចុងក្រោយរបស់គាត់នៅក្នុងទឹកដីកំណើត។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីមិត្តរួមក្រុម Lionel Messi បានប្រាប់ពីការចូលនិវត្តន៍របស់ខ្លួនក្រោយការប្រកួត World Cup ដោយបាននិយាយថា គាត់បានលេងការប្រកួតជម្រុះចុងក្រោយរបស់គាត់រួចហើយ។

«ខ្ញុំបាននិយាយថា វាគឺជាការប្រកួតផ្លូវការចុងក្រោយរបស់ខ្ញុំនៅក្នុងប្រទេសអាហ្សង់ទីន ជាមួយអ្នកគាំទ្ររបស់យើង ហើយគ្រួសាររបស់ខ្ញុំក៏នៅទីនោះដែរ។ ការពិតគឺថា ពួកគេគឺជាផ្នែកដ៏សំខាន់របស់ខ្ញុំ។ យើងកំពុងឆ្លងកាត់ដំណាក់កាលដ៏អស្ចារ្យ ហើយការពិតដែលថាពួកគេបានរីករាយនឹងពេលវេលានេះធ្វើឱ្យខ្ញុំសប្បាយចិត្តណាស់»។ នេះជាសម្តីរបស់គាត់នៅលើកញ្ចក់ទូរទស្សន៍ Telefe៖ «ការប្រកួត World Cup នឹងក្លាយជាការប្រកួតចុងក្រោយរបស់ខ្ញុំជាមួយក្រុមជម្រើសជាតិ»។

កីឡាករជើងចាស់រូបនេះមានគោលបំណងចង់បញ្ចប់អាជីពដោយទទួលបានពាន World Cup មួយទៀត ដោយបន្ថែមថា៖ «នៅពេលដែលអ្នកភ្ញាក់ពីសុបិន អ្នកចង់សុបិនម្តងទៀត ហើយយើងជាជនជាតិអាហ្សង់ទីនមានមហិច្ឆតា។ យើងនឹងប្រជែងយកជ័យជម្នះ ប៉ុន្តែតែងតែមានភាពរាបសា ឈរលើការពិត ដោយដឹងថាវាជារឿងពិបាក ប៉ុន្តែមិនមែនជាការមិនអាចទៅរួចនោះទេ»។

កិច្ចសន្យារបស់កីឡាករវ័យ ៣៧ ឆ្នាំរូបនេះនៅក្លិប Benfica នឹងផុតកំណត់នៅចុងរដូវកាលនេះ ហើយមានការលើកឡើងថាគាត់អាចនឹងបញ្ចប់អាជីពទាំងស្រុង ទោះបីជាមានរបាយការណ៍អំពីការផ្លាស់ប្តូរត្រឡប់ទៅអាហ្សង់ទីនវិញសម្រាប់លេងឱ្យក្លិប River Plate ក៏ដោយ ក៏គាត់បានបដិសេធដែរ។

«ខ្ញុំមានកិច្ចសន្យារយៈពេលមួយឆ្នាំជាមួយក្លិប Benfica ហើយក្រោយចប់ World Cup ខ្ញុំនឹងមើលថាខ្ញុំនឹងធ្វើអ្វី»។ គាត់បាននិយាយ៖ «ខ្ញុំមិនដែលនិយាយជាមួយ [គ្រូបង្វឹកក្រុម River លោក Marcelo Gallardo] ទេ ហើយខ្ញុំមិនដែលបានឱកាសនិយាយជាមួយគាត់ទេ»។

Argentina v Venezuela - FIFA World Cup 2026 Qualifier

Otamendi នឹងព្យាយាមបញ្ចប់អាជីពជាមួយក្រុមជម្រើសជាតិអាហ្សង់ទីនដោយទទួលបានជ័យជម្នះខ្ពស់បំផុត គឺការឈ្នះពាន World Cup ឆ្នាំ ២០២៦ ដែលរៀបចំឡើងនៅប្រទេសកាណាដា សហរដ្ឋអាមេរិក និងម៉ិកស៊ិក៕

Previous articleAdemola Lookman ត្រលប់មកហ្វឹកហាត់ជាមួយក្រុម Atalanta វិញហើយ
Next articleBallack ជឿថាមានតែក្លិបពីរទេដែលមានសមត្ថភាពឈ្នះពាន Champions League រដូវកាលនេះ