បរទេស៖ យោងតាមសារព័ត៌មាន Sport Mediaset បានឱ្យដឹងថា កីឡាករ Lookman បានត្រលប់មកហ្វឹកហាត់ជាផ្លូវការជាមួយក្រុម Atalanta វិញហើយ បន្ទាប់ពីស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ជាច្រើនសប្តាហ៍ ដោយសារតែការជំរុញឱ្យមានការផ្ទេរទៅកាន់ក្រុម Inter។ កីឡាករជម្រើសជាតិណាយហ្សេរីយ៉ារូបនេះបានហ្វឹកហាត់ដាច់ដោយឡែកពីគេ បន្ទាប់ពីមានបញ្ហាជាមួយក្លិបកាលពីខែសីហា រហូតដល់ថ្នាក់លុបរូបភាព Atalanta ចេញពីបណ្តាញសង្គមរបស់ខ្លួនទៀតផង។ តាមសេចក្តីរាយការណ៍ Inter បានដាក់សំណើចំនួន ៤៥លានអឺរ៉ូ (៣៨ លានផោន / ៥៣ លានដុល្លា) ប៉ុន្តែត្រូវបានច្រានចោល ហើយដោយសារតែការផ្ទេរបានបរាជ័យ Lookman ឥឡូវនេះត្រូវបានបញ្ចូលទៅក្នុងក្រុមរបស់លោក Ivan Juric វិញហើយ បន្ទាប់ពីបំពេញភារកិច្ចជម្រើសជាតិ។
ក្នុងអំឡុងពេលនៃការប្រកួតជម្រើសជាតិ Lookman បានបង្ហាញខ្លួនយ៉ាងច្រើនសម្រាប់ក្រុមណាយហ្សេរីយ៉ា ដោយលេងបាន ៧៥ នាទី ទល់នឹងរវ៉ាន់ដា និង ៩០ នាទី ពេញទល់នឹងអាហ្វ្រិកខាងត្បូង ក្នុងការប្រកួតជម្រុះ World Cup។ កម្រិតកាយសម្បទារបស់គាត់មើលទៅរឹងមាំល្អ ទោះបីជាយ៉ាងណាក៏ដោយ Atalanta នឹងគ្រប់គ្រងការដាក់បញ្ចូលគាត់ទៅក្នុងក្រុមឡើងវិញដោយប្រុងប្រយ័ត្ន។ ការមានវត្តមានរបស់ខ្សែប្រយុទ្ធរូបនេះផ្តល់ឱ្យលោក Juric នូវជម្រៅនៃការវាយប្រហារដែលត្រូវការជាចាំបាច់បន្ថែមពីលើ Gianluca Scamacca និង Charles De Ketelaere។
កីឡាករវ័យ ២៧ ឆ្នាំរូបនេះទំនងជាមិនត្រូវបានដាក់បញ្ចូលឱ្យលេងទេ នៅពេលដែល Atalanta ត្រូវជួបនឹងក្រុម Lecce ក្នុងក្របខណ្ឌ Serie A ប៉ុន្តែគាត់អាចនឹងមានវត្តមានក្នុងក្រុមសម្រាប់ការប្រកួតបើកឆាក Champions League ទល់នឹង Paris Saint-Germain នៅថ្ងៃពុធសប្តាហ៍ក្រោយ៕