បរទេស៖ កីឡាករ Florian Wirtz នៅតែស្វែងរកគ្រាប់បាល់ ឬការបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបានដំបូងរបស់ខ្លួនសម្រាប់ក្រុម Reds (ឈ្មោះហៅក្រៅរបស់ Liverpool) បន្ទាប់ពីការផ្លាស់ប្តូរក្នុងតម្លៃ ១០០ លានផោន (១១៦ លានអឺរ៉ូ/១៣៦ លានដុល្លារ) ពីក្លិប Bayer Leverkusen កាលពីរដូវក្តៅ។ កីឡាករវ័យ ២២ ឆ្នាំ រូបនេះបានបង្ហាញខ្លួននៅក្នុងការប្រកួត Premier League បីលើកដំបូងរបស់ក្រុមថ្មីរបស់គាត់ ទល់នឹង Bournemouth, Newcastle United និង Arsenal ខណៈដែលក្រុមរបស់លោក Arne Slot បានប្រមូលបានពិន្ទុពេញមុនពេលមានការប្រកួតអន្តរជាតិ។
ទោះជាយ៉ាងណាក៏ដោយ លោក Ballack រំពឹងយ៉ាងពេញទំហឹងថា Wirtz នឹងអាចសម្របខ្លួនបានឆាប់ៗនៅ Liverpool ដោយអតីតកីឡាកររបស់ Bayern Munich និង Chelsea រូបនេះបានលើកឡើងថាទម្រង់លេងនៅដើមរដូវកាលរបស់កីឡាកររួមជាតិរបស់គាត់នេះ គឺដោយសារតែគាត់កំពុងសម្របខ្លួនទៅនឹងការក្លាយជាកីឡាករមួយរូបក្នុងចំណោមកីឡាករឆ្នើមៗជាច្រើននៅកីឡដ្ឋាន Anfield បន្ទាប់ពីធ្លាប់ជាកីឡាករសំខាន់បំផុតនៅក្លិប Leverkusen។
នៅក្នុងបទសម្ភាសន៍ជាមួយកាសែតអាល្លឺម៉ង់ BILD លោក Ballack បាននិយាយថា៖ «មានការប្រកួតប្រជែងជាច្រើននៅក្នុងក្រុម Liverpool ហើយការរំពឹងទុកចំពោះ Florian Wirtz ក៏បានកើនឡើងពីខាងក្រៅផងដែរ ឬមួយក៏ការរំពឹងទុកដែលគាត់មានចំពោះខ្លួនឯងផ្ទាល់។ ហើយនៅពេលចាប់ផ្តើម វាប្រាកដជាមិនដូចនៅ Leverkusen ទេ ដែលគ្រប់គ្នាប្រឹងលេងសម្រាប់តែគាត់ និងគាត់ទទួលបានបាល់ស្ទើរតែគ្រប់ពេល។
នោះហើយជាមូលហេតុដែលវាសមហេតុផលដែលគាត់នៅតែត្រូវការពេលវេលាដើម្បីស្វែងរកទម្រង់លេងរបស់គាត់បន្តិច។ ប៉ុន្តែគាត់គឺជាកីឡាករបាល់ទាត់ដ៏អស្ចារ្យម្នាក់ ដូច្នេះខ្ញុំមិនបារម្ភពីគាត់ទេ។ សម្រាប់គាត់ និងការអភិវឌ្ឍន៍របស់គាត់ ការផ្លាស់ប្តូរទៅកាន់ប្រទេសអង់គ្លេសមិនមែនជាការផ្លាស់ប្តូរដែលអាក្រក់នោះទេ»។
Wirtz ពិតជាអាចរកគ្រាប់បាល់បានក្នុងការប្រកួតជ័យជម្នះ ៣-១ របស់អាល្លឺម៉ង់លើក្រុម Northern Ireland ក្នុងវគ្គជម្រុះ World Cup កាលពីថ្ងៃអាទិត្យ។ ក្រុមរបស់លោក Julian Nagelsmann បានត្រលប់មកកាន់ផ្លូវជម្រុះវិញ បន្ទាប់ពីបានរងនូវការបរាជ័យ ២-០ ដ៏គួរឱ្យភ្ញាក់ផ្អើលទល់នឹងក្រុម Slovakia កាលពីថ្ងៃទី ៤ ខែកញ្ញា។
Wirtz ត្រូវបានគេរំពឹងថានឹងជាប់ជម្រើសដំបូងនៅពេលដែល Liverpool ត្រលប់មកប្រកួត Premier League វិញ ដោយត្រូវទៅលេងក្នុងទឹកដីរបស់ក្រុមដែលទើបឡើងមកថ្មី Burnley នៅថ្ងៃអាទិត្យ។ បន្ទាប់មកក្រុម Merseysiders (ឈ្មោះហៅក្រៅរបស់ Liverpool) នឹងចាប់ផ្តើមយុទ្ធនាការ Champions League របស់ពួកគេនៅពេលដែលពួកគេបើកទ្វារទទួលក្រុម Atletico Madrid នៅថ្ងៃទី ១៧ ខែកញ្ញា៕