បរទេស៖ កីឡាករ James Beattie ដែលបានបន្តស៊ុតបញ្ចូលទី ២៣ គ្រាប់ ក្នុងការប្រកួត Premier League ៣៨ លើក សម្រាប់ក្រុម Saints (ឈ្មោះហៅក្រៅរបស់ Southampton) ក្នុងរដូវកាល ២០០៣-០៤ បានចូលរួមក្នុងក្រុមជម្រើសជាតិអង់គ្លេសដែលពោរពេញទៅដោយតារាឆ្នើមៗ ដែលកាលណោះដឹកនាំដោយលោក Sven-Goran Eriksson។ ក្នុងនោះមានកីឡាករដូចជា Rio Ferdinand, Ashley Cole, Frank Lampard, Michael Owen និង Wayne Rooney។
ទោះជាយ៉ាងណាក៏ដោយ Beattie រួមជាមួយកីឡាករទើបបង្ហាញខ្លួនដំបូង (debutants) លោក Wayne Bridge, Matt Upson និង Trevor Sinclair បានបង្ហាញថាមានតែកីឡាករ ៤ នាក់ ប៉ុណ្ណោះដែលបានខិតខំធ្វើឱ្យកីឡាករដែលមកថ្មីមានអារម្មណ៍រីករាយ ដែលមានដូចជាអតីតប្រធានក្រុម David Beckham, អតីតខ្សែការពារ Sol Campbell និងអតីតកីឡាកររបស់ Manchester United ពីរនាក់គឺ Nicky Butt និង Paul Scholes។
នៅក្នុងបទសម្ភាសន៍ជាមួយ Midnite ដែលជាដៃគូជាផ្លូវការរបស់ក្លិប Southampton FC លោក Beattie បាននិយាយថា៖ «នៅពេលខ្ញុំចូលទៅក្នុងក្រុមជម្រើសជាតិអង់គ្លេសនោះ មានកីឡាករតែពីរបីនាក់ប៉ុណ្ណោះដែលបាននិយាយជាមួយពួកយើង។ David Beckham, Sol Campbell, Nicky Butt និង Paul Scholes ប្រហែលជាមានតែប៉ុណ្ណឹង។ ចំណែកឯអ្នកដែលនៅសល់គឺគ្រាន់តែអង្គុយជាមួយក្រុមរបស់ក្លិបពួកគេរៀងៗខ្លួន»។
«វាជាព្រឹត្តិការណ៍ដ៏ធំសម្បើមមួយសម្រាប់ពួកយើងដែលទើបនឹងចូលរួមដំបូង – ខ្ញុំ, Wayne Bridge, Matt Upson, Trevor Sinclair។ លោក Beckham ពិតជាល្អមែនទែន, លោក Sol ក៏ល្អណាស់ដែរ, ពួកគេគឺជាអ្នកដែលធ្វើឱ្យពួកយើងមានអារម្មណ៍ថាត្រូវបានស្វាគមន៍»។
លោក Beattie បានបង្ហាញខ្លួនលើកដំបូងសម្រាប់ក្រុមជម្រើសជាតិឈុតធំក្នុងការប្រកួតដែលអង់គ្លេសចាញ់ក្រុមអូស្ត្រាលី ៣-១ យ៉ាងគួរឱ្យភ្ញាក់ផ្អើលកាលពីខែកុម្ភៈឆ្នាំ ២០០៣។ ខ្សែប្រយុទ្ធរូបនេះដែលក៏ធ្លាប់លេងឱ្យ Everton និង Rangers ក្នុងអំឡុងពេលអាជីពរបស់គាត់ផងដែរ បានបន្តបង្ហាញខ្លួន ៤ លើក ទៀតសម្រាប់ក្រុម Three Lions ទោះបីជាគាត់មិនអាចរកគ្រាប់បាល់បានសម្រាប់ប្រទេសរបស់គាត់ក៏ដោយ។
ក្រុមជម្រើសជាតិអង់គ្លេសនឹងត្រលប់មកប្រកួតវិញនៅខែតុលា នៅពេលដែលពួកគេទទួលស្វាគមន៍ក្រុម Wales នៅក្នុងការប្រកួតមិត្តភាពនៅកីឡដ្ឋាន Wembley។ ក្រុមរបស់លោក Thomas Tuchel ដែលបានទទួលជ័យជម្នះលើក្រុម Andorra និង Serbia ក្នុងការប្រកួតជម្រុះ World Cup កាលពីដើមខែនេះ បន្ទាប់មកនឹងធ្វើដំណើរទៅប្រកួតជាមួយក្រុម Latvia ក្នុងការប្រកួតជម្រុះបន្ទាប់របស់ពួកគេនៅថ្ងៃទី ១៤ ខែតុលា៕