Erik ten Hag បដិសេធ​ការ​វិល​ត្រឡប់​ទៅ​កាន់​ក្លិប​ចាស់

បរទេស៖ តាម​សេចក្តីរាយការណ៍​របស់សារព័ត៌មាន Telegraaf ក្លិប FC Twente ដែល​ស្ថិត​ក្នុង​លីគ Eredivisie បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ចង់​នាំ​យក​អតីត​គ្រូបង្វឹក​របស់​ពួកគេ​គឺ​លោក Erik ten Hag មក​ដឹកនាំ​ជា​ថ្មី​ម្តង​ទៀត បន្ទាប់ពី​អ្នក​ទាំង​ពីរ​ធ្លាប់​មាន​ទំនាក់​ទំនង​ដ៏​រឹងមាំ​កាលពី​អតីតកាល​។ ក្លិប Twente បាន​បែកផ្លូវ​ជាមួយ​លោក Joseph Oosting ហើយ​កំពុង​រក​អ្នក​មក​ជំនួស​តំណែង​គ្រូបង្វឹក។

Erik ten Hag

ទោះជាយ៉ាងណា លោក Ten Hag បាន​សម្រេច​ចិត្ត​មិន​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​កំណើត​របស់​លោក​ទេ ដោយសារតែ​ការ​ចូលរួម​ជាមួយ​ក្លិប​ថ្មី​ភ្លាមៗ​បន្ទាប់ពី​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ក្លិប Leverkusen អាច​នឹង​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​កញ្ចប់​សំណង​ចំនួន ៦ លាន​អឺរ៉ូ របស់​លោក ដែល​ស្មើ​នឹង ១០០,០០០ អឺរ៉ូក្នុង​មួយ​ថ្ងៃ។

Wolverhampton Wanderers FC v Leicester City FC - Premier League

ក្លិប Twente អាច​នឹង​ងាក​ទៅ​រក​បុរស​ម្នាក់​ទៀត​ដែល​មាន​ទំនាក់​ទំនង​ជិតស្និទ្ធ​ជាមួយ​ក្លិប Manchester United ដូចគ្នា គឺ​លោក Ruud van Nistelrooy។ អតីត​ខ្សែ​ប្រយុទ្ធ​របស់​ក្លិប​បិសាច​ក្រហម​រូប​នេះ​ធ្លាប់​ជា​គ្រូបង្វឹក​បណ្តោះ​អាសន្ន​របស់​ក្លិប​បន្ទាប់ពី​ការ​បណ្តេញ​លោក Ten Hag ចេញ ហើយ​ត្រូវ​បាន​គេ​លើក​ឡើង​ថា​ជា​បេក្ខភាព​ដ៏​មាន​សក្តានុពល​សម្រាប់​តំណែង​គ្រូបង្វឹក​នៅ​ក្លិប Twente បន្ទាប់ពី​លោក​បាន​បញ្ចប់​អាជីព​ដឹកនាំ​ក្រុម Leicester City ក្នុង​រយៈពេល ២៧ ប្រកួត​កាលពី​ខែ​មិថុនា។

ក្លិប Leverkusen ទទួល​បាន​ត្រឹម​មួយ​ពិន្ទុ​ប៉ុណ្ណោះ​ពី​ការ​ប្រកួត Bundesliga ពីរ​លើក​ដំបូង​ក្នុង​រដូវកាល​ថ្មី​នេះ ដោយ​លទ្ធផល​ស្មើ ៣-៣ ជាមួយ​នឹង​ក្រុម Werder Bremen ដែល​លេង​សល់​គ្នា​ត្រឹម ១០ នាក់ បាន​ក្លាយ​ជា​ចំណុច​ចុង​ក្រោយ​ដែល​ធ្វើ​ឲ្យ​លោក Ten Hag ត្រូវ​បាន​បណ្តេញ​ចេញ។ គ្រូបង្វឹក​វ័យ ៥៥ ឆ្នាំ​រូប​នេះ​បាន​សម្តែង​ការ​ខកចិត្ត​របស់​លោក​ចំពោះ​ការ​សម្រេច​ចិត្ត «ដែល​មិន​ធ្លាប់​មាន​ពីមុន​មក» របស់​ក្លិប​ក្នុង​ការ​បណ្តេញ​លោក​ចេញ ហើយ​បាន​ចោទប្រកាន់​ក្រុមប្រឹក្សាភិបាល​ថា​មិន​បាន​ផ្តល់​ទំនុក​ចិត្ត​ដល់​លោក។

Bayer 04 Leverkusen v Eintracht Frankfurt - Bundesliga

ក្លិប Leverkusen បាន​ចាត់ចែង​យ៉ាង​រហ័ស​ក្នុង​ការ​ជួល​អតីត​គ្រូបង្វឹក​របស់​ក្រុម​ជម្រើសជាតិ​ដាណឺម៉ាក​គឺ​លោក Kasper Hjulmand មក​ជំនួស​តំណែង​លោក Ten Hag។ លោក Hjulmand បាន​ជួយ​ឲ្យ Leverkusen ទទួល​បាន​ជ័យជម្នះ​លើក​ដំបូង​ក្នុង​រដូវកាល​នេះ​ទល់​នឹង​ក្រុម Eintracht Frankfurt កាលពី​សប្តាហ៍​មុន។ ឥឡូវ​នេះ ក្លិប​កំពុង​ត្រៀម​ខ្លួន​ដើម្បី​ប្រឈមមុខ​នឹង​ក្រុម Copenhagen ក្នុង​ការ​ប្រកួត​បើកឆាក Champions League នៅ​ថ្ងៃ​ព្រហស្បតិ៍៕

Previous articleលោក Luis Enrique បាននិយាយថា ការឈ្នះពាន Champions League ម្តងទៀតជាមួយ PSG នឹងមានភាពងាយស្រួលជាងរដូវកាលមុន
Next articleអ្នកគាំទ្រ Manchester United ជំរុញឱ្យក្លិបនាំយកលោក Ole Gunnar Solskjaer ត្រឡប់មកវិញ