បរទេស៖ ក្រុម Manchester United របស់លោក Ruben Amorim បានចាប់ផ្តើមរដូវកាល Premier League របស់ពួកគេយ៉ាងអាក្រក់បំផុតក្នុងរយៈពេល ៣៣ ឆ្នាំចុងក្រោយ បន្ទាប់ពីចាញ់ក្រុមគូប្រជែងក្នុងទីក្រុង Manchester City ក្នុងលទ្ធផល ៣-០ ធ្វើឱ្យពួកគេនៅតែជាប់គាំងត្រឹមតែ ៤ ពិន្ទុប៉ុណ្ណោះក្នុងចំណោម ៤ ប្រកួតដំបូង។ ឥឡូវនេះ អ្នកគាំទ្រកំពុងចង្អុលបង្ហាញថា អតីតគ្រូបង្វឹកលោក Solskjaer ត្រូវបានបណ្តេញចេញដោយអយុត្តិធម៌កាលពីឆ្នាំ ២០២១ ហើយបានជំរុញឱ្យក្លិបបិសាចក្រហមជំនួសលោក Amorim ដោយគ្រូបង្វឹកសញ្ជាតិន័រវេសរូបនេះ ដែលបច្ចុប្បន្នកំពុងគ្មានការងារធ្វើ បន្ទាប់ពីត្រូវបានបណ្តេញចេញពីក្លិប Besiktas។
អ្នកប្រើប្រាស់បណ្តាញសង្គម X ម្នាក់ឈ្មោះ @UTDMaI បានសរសេរថា៖ “ការកម្ចាត់ Ole Gunnar Solskjaer ហើយជំនួសដោយនរណាម្នាក់ផ្សេងទៀត គឺជាកំហុសដ៏ធំបំផុតដែលយើងធ្លាប់បានធ្វើក្នុងនាមជាក្លិបមួយ។ យើងមិនអាចបន្តធ្វើពុតជាមិនដឹងអ្វីបានទេ”។
ចំណែក @jonmikesav8 បានបន្ថែមថា៖ “ខ្ញុំឃើញអ្នកខ្លះកំពុងនិយាយថា យើងមានការចងចាំខ្លីចំពោះពេលវេលារបស់ Solskjaer នៅ UTD។ ពួកគេដកស្រង់លទ្ធផលអាក្រក់ៗដែលធ្វើឲ្យគាត់បាត់បង់ការងារ។ នោះជាការត្រឹមត្រូវ។ ប៉ុន្តែអ្វីដែលត្រឹមត្រូវផងដែរនោះគឺ ការឈ្នះ ១០ លើកក្នុងចំណោម ១១ ប្រកួតនៅពេលចាប់ផ្តើមរដូវកាល។ ម្យ៉ាងវិញទៀត គឺការប្រកួតមិនចាញ់ ២៩ លើកជាប់ៗគ្នាក្រៅដី។ ហើយភាគច្រើននៃការលេងរបស់ក្រុមគឺអស្ចារ្យណាស់”។
អ្នកប្រើប្រាស់ឈ្មោះ @UtdDefence បានសរសេរថា៖ “ក្រឡេកមើលស្តង់ដារ។ Solskjaer ដឹកនាំបាន ១៦៨ ប្រកួត។ ក្នុងចំណោម ១៦៨ ប្រកួត ពួកគេបានរកឃើញតែ ៦ ប្រកួតប៉ុណ្ណោះដែលមានលទ្ធផលអាក្រក់ខ្លាំង ហើយបានចាត់ទុកអាជីពរបស់គាត់នៅទីនោះថាជាគ្រោះមហន្តរាយ។ ក្នុងចំណោម ៦ ប្រកួតនោះ ៣ ប្រកួតមានកាតក្រហមដែលបានប៉ះពាល់ដល់លទ្ធផលចុងក្រោយ។ អ្នកដឹងទេ តាមពិតទៅ Ole អាចនឹងធ្វើការបានល្អជាងអ្វីដែលខ្ញុំនឹកស្មាន”។
អ្នកប្រើប្រាស់ដដែលបានបន្ថែមថា៖ “ហេតុអ្វីបានជាមនុស្សខ្លាចនិយាយការពិតដោយចំហ? ពេលវេលាដ៏រីករាយបំផុត និងការលេងបាល់ទាត់ដែលសក្តិសមបំផុតសម្រាប់ Manchester United ក្នុងយុគសម័យក្រោយលោក Sir Alex គឺស្ថិតនៅក្រោមការដឹកនាំរបស់ Ole Gunnar Solskjaer។ ខ្ញុំបាននិយាយវាហើយ។ ចង់ស្អប់ខ្ញុំក៏បាន”។
ចំណែក @ronutd77 បានសួរថា៖ “តើអ្នកនឹងផ្តល់ឱកាសឱ្យ Ole Gunnar Solskjaer ម្តងទៀតក្នុងនាមជាគ្រូបង្វឹករបស់ Manchester United ដែរឬទេ?” ដោយភ្ជាប់ជាមួយរូបភាពនៃលទ្ធផលល្អៗជាច្រើនក្រោមការដឹកនាំរបស់លោក Solskjaer រួមទាំងការយកឈ្នះ Southampton ក្នុងលទ្ធផល ៩-០ ផងដែរ។
អ្នកប្រើប្រាស់ឈ្មោះ @Utdrules4ever បានសន្និដ្ឋានថា៖ “នេះប្រហែលជាមិនសមរម្យសម្រាប់អ្នកខ្លះទេ ប៉ុន្តែខ្ញុំជឿជាក់ថាប្រសិនបើ INEOS ជាអ្នកគ្រប់គ្រងអ្វីៗនៅពេលដែល Ole Gunnar Solskjaer កំពុងដឹកនាំ United នឹងស្ថិតក្នុងកន្លែងល្អប្រសើរជាងនេះទៅទៀតនៅថ្ងៃនេះ។ យើងប្រហែលជាមិនបានឈ្នះលីគទេ ប៉ុន្តែយ៉ាងហោចណាស់ United នឹងដើរក្នុងទិសដៅត្រឹមត្រូវ ហើយច្បាស់ណាស់ថាជិតដល់គោលដៅជាងពេលនេះទៅទៀត។ Ole បានធ្វើឱ្យក្រុមលេងបាល់ទាត់បានល្អ។ មានភាពចុះសម្រុង ជំនឿចិត្ត និងក្តីសង្ឃឹមនៅពេលនោះ។ ចំពោះខ្ញុំ ការតែងតាំងដ៏អាក្រក់បំផុតបន្ទាប់ពីគាត់គឺលោក Erik ten Hag ហើយឥឡូវនេះ លោក Amorim កំពុងតែដើរតាមផ្លូវនោះហើយ”។
អតីតខ្សែបម្រើ Premier League លោក Jamie O’Hara ក៏បានគាំទ្រគំនិតក្នុងការនាំយកអតីតខ្សែប្រយុទ្ធរូបនេះត្រឡប់មកកាន់ Old Trafford វិញផងដែរ លោក O’Hara បានថ្លែងនៅលើទំព័រ talkSPORT បាននិយាយថា៖ «នេះជាក្រុម Man United ដែលអាក្រក់បំផុតដែលខ្ញុំធ្លាប់ឃើញ» ។ «ខ្ញុំមិនជឿថា Ruben Amorim នៅតែបន្តកាន់តំណែងជាគ្រូបង្វឹកនៅឡើយទេ តាមពិតទៅ តើពួកគេនឹងបន្តបែបនេះដល់ពេលណាទៀតទៅ?»។
«តើពួកគេនឹងធ្វើដូចដែល Sheffield United បានធ្វើនៅពេលណាទៅ? គឺគ្រាន់តែលុបបំបាត់មោទនភាពរបស់ពួកគេ ហើយនិយាយថា ‘ពួកយើងធ្វើខុសហើយ’។ នាំយក Ole Gunnar Solskjaer ត្រឡប់មកវិញទៅ។ ពួកគេមិនអាចបន្តបែបនេះបានទេ។ ពួកគេនឹងធ្លាក់ទៅលេងក្នុងលីគបន្ទាប់ហើយ។ ពួកគេនឹងត្រូវលេងជាមួយ Rotherham នៅរដូវកាលក្រោយ»។
ទោះបីជាអ្នកគាំទ្រ Manchester United បានស្នើឱ្យ INEOS នាំយកលោក Solskjaer ត្រឡប់មកកាន់ Old Trafford ក៏ដោយ ក៏បញ្ជីឈ្មោះបេក្ខភាពដែលរាយការណ៍ដោយ The Mirror ដើម្បីស្នងតំណែងលោក Amorim មិនមានឈ្មោះរបស់វីរបុរសក្លិបសញ្ជាតិន័រវេសរូបនេះឡើយ។ បច្ចុប្បន្ន បញ្ជីឈ្មោះនេះមានដូចជាគ្រូបង្វឹកក្រុម Crystal Palace លោក Oliver Glasner, អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសលោក Gareth Southgate, គ្រូបង្វឹកក្រុម Fulham លោក Marco Silva និងគ្រូបង្វឹកក្រុម Bournemouth លោក Andoni Iraola ហើយលោក Mauricio Pochettino ដែលជាអតីតគ្រូបង្វឹកក្រុម Tottenham និងបច្ចុប្បន្នជាគ្រូបង្វឹកក្រុមជម្រើសជាតិអាមេរិក ក៏ត្រូវបានគេលើកឡើងផងដែរ។
តាមសេចក្តីរាយការណ៍ ទោះបីជាក្រុម Manchester United កំពុងតែបង្ហាញជាសាធារណៈថាពួកគេគាំទ្រលោក Amorim ឲ្យបន្តតំណែងជាគ្រូបង្វឹកក៏ដោយ ក៏គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះនឹងត្រូវបានផ្តល់ឱកាសរហូតដល់ការប្រកួតអន្តរជាតិក្នុងខែតុលា។ ប្រសិនបើលទ្ធផលនៅតែមិនល្អ ក្រុមបិសាចក្រហមនឹងធ្វើការសម្រេចចិត្តជាផ្លូវការដើម្បីបណ្តេញគ្រូបង្វឹករូបនេះចេញ ដែលទើបតែមកដឹកនាំនៅ Old Trafford បានមិនដល់មួយឆ្នាំផង៕