បរទេស៖ កីឡាករ Harry Kane បានទទួលស្គាល់ថាខ្លួនកំពុងស្ថិតក្នុងទម្រង់លេងដ៏ល្អបំផុតក្នុងអាជីពរបស់ខ្លួន ដោយកីឡាករដ៏លេចធ្លោរបស់ Bayern Munich រូបនេះមានអារម្មណ៍ល្អប្រសើរជាងពេលណាៗទាំងអស់។ នោះក៏ដោយសារតែចំនួនគ្រាប់បាល់ស៊ុតបញ្ចូលរបស់កីឡាករជម្រើសជាតិអង់គ្លេសរូបនេះបានបន្តកើនឡើងយ៉ាងគំហុកនៅដើមរដូវកាល ២០២៥-២៦ ដោយបានស៊ុតបញ្ចូលទីបានពីរគ្រាប់ទល់នឹងក្រុម Chelsea ក្នុងពានរង្វាន់ Champions League ធ្វើឱ្យចំនួនគ្រាប់បាល់សរុបរបស់គាត់ឡើងដល់ពីរខ្ទង់។
កីឡាករ Kane បានស៊ុតបាល់ចូលទី ៣ គ្រាប់រួចទៅហើយនៅរដូវកាលនេះ ក្នុងប្រកួតបើកឆាក Bundesliga ទល់នឹង RB Leipzig ខណៈដែលគាត់ក៏បានស៊ុតបញ្ចូលទីបានពីរគ្រាប់ក្នុងការប្រកួតចំនួន ៣ ផ្សេងទៀតផងដែរ។ គាត់បានរកបាន ១០ គ្រាប់ពីការបង្ហាញខ្លួនត្រឹមតែ ៦ ប្រកួតប៉ុណ្ណោះក្នុងការប្រកួតទាំងអស់។
កីឡាករវ័យ ៣២ ឆ្នាំរូបនេះក៏បានស៊ុតបញ្ចូលទីបានសម្រាប់ក្រុមជម្រើសជាតិអង់គ្លេសក្នុងវគ្គជម្រុះ 2026 World Cup ទល់នឹងក្រុម Serbia ដែលបានធ្វើឱ្យកំណត់ត្រាគ្រាប់បាល់របស់គាត់សម្រាប់ក្រុម Three Lions កើនឡើងដល់ ៧៤ គ្រាប់។ ទំនុកចិត្តកំពុងហូរពេញខ្លួនអតីតខ្សែប្រយុទ្ធរបស់ក្លិប Tottenham រូបនេះនៅពេលបច្ចុប្បន្ន។
គាត់បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីបានជួយក្រុម Bayern ឱ្យទទួលបានជ័យជម្នះដ៏គួរឱ្យចាប់អារម្មណ៍ ៣-១ លើក្រុមយក្ស Premier League គឺក្រុម Chelsea នៅកីឡដ្ឋាន Allianz Arena ថា៖ “ខាងផ្លូវកាយ និងផ្លូវចិត្ត នេះជាអារម្មណ៍ដ៏ល្អបំផុតដែលខ្ញុំមិនធ្លាប់មាន។ នៅក្នុងក្រុមនេះ ខ្ញុំដឹងថាខ្ញុំនឹងទទួលបានឱកាសជាច្រើន។ ខ្ញុំគ្រាន់តែត្រូវបន្តចាប់យកឱកាសទាំងនោះ”។
Kane បានព្រមានគូប្រជែងក្នុងលីគ ក្នុងទ្វីប និងនៅកម្រិតអន្តរជាតិថា គាត់មានបំណងនឹងលើកកម្រិតការលេងរបស់គាត់ឱ្យកាន់តែខ្ពស់ជាងនេះទៅទៀត ជាមួយនឹងផ្នត់គំនិតដែលចែករំលែកជាមួយកីឡាករដូចជា Cristiano Ronaldo និង Lionel Messi ដែលមានន័យថាគាត់តែងតែតាមប្រមាញ់គោលដៅបន្ទាប់ជានិច្ច។ កីឡាករជាខ្សែប្រយុទ្ធដ៏អស្ចារ្យបំផុតម្នាក់រូបនេះបានបន្ថែមថា៖ “គោលបំណងរបស់ខ្ញុំគឺតែងតែចង់អភិវឌ្ឍខ្លួន និងលេងបានល្អប្រសើរជាងមុន”។
វាពិតជាពិបាកនឹងមើលឃើញថា Kane អាចធ្វើបានល្អជាងនេះនៅពេលនេះទៅទៀតនោះទេ។ គាត់បានរកបាន ៩៥ គ្រាប់សម្រាប់ Bayern ពីការបង្ហាញខ្លួន ១០២ ប្រកួត ហើយលទ្ធផលដ៏អស្ចារ្យនោះបានអនុញ្ញាតឱ្យគាត់បំបែកកំណត់ត្រាដោយការឈ្នះពាន Bundesliga និង German Supercup ជាលើកដំបូងក្នុងអាជីពរបស់គាត់៕