បរទេស៖ តាមសេចក្តីរាយការណ៍របស់ Daily Record ថ្នាក់ដឹកនាំរបស់ក្លិប Rangers បានបង្ហាញការគាំទ្រជាសាធារណៈចំពោះគ្រូបង្វឹកបច្ចុប្បន្នគឺលោក Russell Martin ប៉ុន្តែកំពុងស្វែងរកជម្រើសផ្សេងទៀត ប្រសិនបើលទ្ធផលនៅតែមិនប្រសើរឡើង។ ក្នុងចំណោមបេក្ខភាពសក្តានុពលនោះគឺលោក Davide Ancelotti ដែលជាកូនប្រុសរបស់លោក Carlo Ancelotti។ កាលពីមុន លោក Davide ក៏ធ្លាប់ត្រូវបានគេផ្សារភ្ជាប់ជាមួយតំណែងគ្រូបង្វឹកនៅកីឡដ្ឋាន Ibrox ផងដែរ មុនពេលក្លិបសម្រេចជ្រើសរើសលោក Martin។ យ៉ាងណាមិញ គ្រូបង្វឹកបច្ចុប្បន្នរបស់ក្លិប Botafogo ក៏កំពុងស្ថិតក្រោមសម្ពាធយ៉ាងខ្លាំងនៅប្រទេសប្រេស៊ីលផងដែរ ដោយមិនទាន់ឈ្នះការប្រកួតសោះក្នុងរយៈពេល ៣ ប្រកួតចុងក្រោយ ហើយថែមទាំងបរាជ័យក្នុងការការពារការនាំមុខ ៣ គ្រាប់ទល់នឹងក្រុម Mirassol ដែលអាចនឹងធ្វើឲ្យលោកបាត់បង់តំណែង។
ក្រោមការដឹកនាំរបស់លោក Martin ក្រុម Rangers នៅតែមិនទាន់ទទួលបានជ័យជម្នះក្នុងលីគនៅឡើយនៅរដូវកាលនេះ ដោយបានត្រឹមតែស្មើ ៤ ប្រកួតក្នុងចំណោម ៥ ប្រកួត រួមទាំងការប្រកួត Old Firm derby ទល់នឹងក្រុម Celtic ផងដែរ។ សម្ពាធកាន់តែកើនឡើងបន្ទាប់ពីបរាជ័យយ៉ាងអាម៉ាស់ ៦-០ ទល់នឹងក្រុម Club Brugge ក្នុងវគ្គជម្រុះ Champions League។ ការប្រកួត League Cup បន្ទាប់របស់ពួកគេទល់នឹងក្រុម Hibernian អាចនឹងជាការសម្រេចចិត្តចំពោះអនាគតរបស់លោក Martin នៅកីឡដ្ឋាន Ibrox។
ចំណែកឯលោក Ancelotti ក៏កំពុងប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងផងដែរនៅក្លិប Botafogo បន្ទាប់ពីត្រូវបានទម្លាក់ចេញពីពានរង្វាន់ Copa do Brasil ដោយក្រុម Vasco និងបានធ្លាក់ចេញពីពានរង្វាន់ Copa Libertadores មួយខែមុននោះ។ ក្នុងការប្រកួតចុងក្រោយរបស់ពួកគេទល់នឹងក្រុម Mirassol ក្រុមរបស់លោកបានធ្លាក់ចុះផ្នែកការពារយ៉ាងគំហុក ដោយរបូតបីគ្រាប់ក្នុងរយៈពេល ១៧ នាទី ដើម្បីបោះបង់ការនាំមុខបីគ្រាប់។
បន្ទាប់ពីការប្រកួត លោក Ancelotti ជឿជាក់ថាលោកត្រូវការពេលដើម្បីវិភាគពីភាពបរាជ័យនេះ និងកែលម្អកំហុសរបស់ពួកគេ។ លោកបាននិយាយថា៖ «វាពិបាកនឹងធ្វើការវិភាគណាស់។ គ្មានអ្វីច្រើនដើម្បីពន្យល់នៅពេលនេះទេ។ យើងត្រូវការពេលដើម្បីវិភាគថាមានអ្វីកើតឡើងនៅតង់ទីពីរ។ តង់ទីមួយគឺល្អណាស់ ដែលពួកយើងបានលេងបាល់ទាត់ដ៏ល្អបំផុតរបស់យើង។ តែតង់ទីពីរយើងបានបាត់បង់ទម្រង់លេងអស់»។
ក្រោយមក លោក Ancelotti ក៏បានចោទសួរពីផ្នត់គំនិតរបស់កីឡាកររបស់លោកថា៖ «ការលេងបែបនេះជារឿងនៃផ្នត់គំនិត។ យើងមិនបានប្រតិកម្មល្អចំពោះភាពលំបាកទេ។ ថ្ងៃនេះយើងមិនបានប្រតិកម្មល្អចំពោះការបរាជ័យលើកដំបូងទេ។ ក្នុងការប្រកួតចុងក្រោយទល់នឹង São Paulo យើងបានលេងអាក្រក់ខ្លាំងណាស់។ រូបភាពដែលយើងត្រូវរក្សាគឺប្រាកដណាស់រូបភាពដែលយើងមាននៅតង់ទីមួយ។ យើងត្រូវព្យាយាមរក្សាកម្រិតលេងនេះឱ្យបានយូរជាងនេះ ហើយដឹងពីរបៀបដើម្បីផ្តល់អាទិភាពក្នុងការប្រកួត ដឹងពីរបៀបអានការប្រកួត និងពេលណាដែលត្រូវការពារឱ្យបានល្អ ក្រុមនេះដឹងពីរបៀបការពារបានល្អ។ ប៉ុន្តែយើងមិនត្រូវបាត់បង់ស្មារតីក្នុងគ្រាលំបាកនោះទេ ដូច្នេះដោយសារបញ្ហានេះយើងខ្វះភាពបន្តជាប់ ពួកយើងត្រូវការប្រតិកម្មល្អចំពោះភាពលំបាក»។
ក្រុម Rangers សង្ឃឹមថាលទ្ធផលនឹងផ្លាស់ប្តូរក្រោមការដឹកនាំរបស់លោក Martin ទោះបីជាពួកគេបានវាយតម្លៃពីបេក្ខភាពជំនួសដោយស្ងាត់ៗក៏ដោយ បន្ទាប់ពីបានជ្រើសរើសលោកជាងបេក្ខភាពផ្សេងទៀតកាលពីរដូវក្តៅ។ ម្យ៉ាងវិញទៀត លោក Ancelotti នឹងផ្តោតលើការធ្វើឲ្យទម្រង់លេងរបស់ Botafogo មានស្ថិរភាពឡើងវិញទោះបីជាមានដំណឹងផ្សារភ្ជាប់មកកីឡដ្ឋាន Ibrox ក៏ដោយ ដោយសារតួនាទីនេះគឺជាការងារជាគ្រូបង្វឹកឈុតធំដំបូងរបស់គាត់ បន្ទាប់ពីចំណាយពេលជាច្រើនឆ្នាំធ្វើការជាជំនួយការរបស់ឪពុករបស់គាត់គឺលោក Carlo Ancelotti នៅក្លិប Real Madrid៕