Rangers កំពុង​ពិចារណា​លោក Davide Ancelotti ជា​បេក្ខភាព​ជំនួស​គ្រូបង្វឹក

បរទេស៖ តាម​សេចក្តី​រាយការណ៍​របស់ Daily Record ថ្នាក់ដឹកនាំ​របស់​ក្លិប Rangers បាន​បង្ហាញ​ការ​គាំទ្រ​ជា​សាធារណៈ​ចំពោះ​គ្រូបង្វឹក​បច្ចុប្បន្ន​គឺ​លោក Russell Martin ប៉ុន្តែ​កំពុង​ស្វែងរក​ជម្រើស​ផ្សេង​ទៀត ប្រសិនបើ​លទ្ធផល​នៅតែ​មិន​ប្រសើរ​ឡើង។ ក្នុងចំណោម​បេក្ខភាព​សក្តានុពល​នោះ​គឺ​លោក Davide Ancelotti ដែលជា​កូនប្រុស​របស់​លោក Carlo Ancelotti។ កាលពីមុន លោក Davide ក៏​ធ្លាប់​ត្រូវ​បាន​គេ​ផ្សារភ្ជាប់​ជាមួយ​តំណែង​គ្រូបង្វឹក​នៅ​កីឡដ្ឋាន Ibrox ផងដែរ មុនពេល​ក្លិប​សម្រេច​ជ្រើសរើស​លោក Martin។ យ៉ាងណាមិញ គ្រូបង្វឹក​បច្ចុប្បន្ន​របស់​ក្លិប Botafogo ក៏​កំពុង​ស្ថិត​ក្រោម​សម្ពាធ​យ៉ាង​ខ្លាំង​នៅ​ប្រទេស​ប្រេស៊ីល​ផងដែរ ដោយ​មិនទាន់​ឈ្នះ​ការប្រកួត​សោះ​ក្នុង​រយៈពេល ៣ ប្រកួត​ចុងក្រោយ ហើយ​ថែមទាំង​បរាជ័យ​ក្នុង​ការ​ការពារ​ការនាំមុខ ៣ គ្រាប់​ទល់នឹង​ក្រុម Mirassol ដែល​អាច​នឹង​ធ្វើឲ្យ​លោក​បាត់បង់​តំណែង។

Rangers v Heart of Midlothian - William Hill Premiership

ក្រោម​ការដឹកនាំ​របស់​លោក Martin ក្រុម Rangers នៅតែ​មិនទាន់​ទទួលបាន​ជ័យជម្នះ​ក្នុង​លីគ​នៅឡើយ​នៅ​រដូវកាល​នេះ ដោយ​បាន​ត្រឹមតែ​ស្មើ ៤ ប្រកួត​ក្នុងចំណោម ៥ ប្រកួត រួមទាំង​ការប្រកួត Old Firm derby ទល់នឹង​ក្រុម Celtic ផងដែរ។ សម្ពាធ​កាន់តែ​កើនឡើង​បន្ទាប់ពី​បរាជ័យ​យ៉ាង​អាម៉ាស់ ៦-០ ទល់នឹង​ក្រុម Club Brugge ក្នុង​វគ្គ​ជម្រុះ Champions League។ ការប្រកួត League Cup បន្ទាប់​របស់​ពួកគេ​ទល់នឹង​ក្រុម Hibernian អាច​នឹង​ជា​ការសម្រេច​ចិត្ត​ចំពោះ​អនាគត​របស់​លោក Martin នៅ​កីឡដ្ឋាន Ibrox។

ចំណែក​ឯ​លោក Ancelotti ក៏​កំពុង​ប្រឈមមុខ​នឹង​ការរិះគន់​យ៉ាង​ខ្លាំង​ផងដែរ​នៅ​ក្លិប Botafogo បន្ទាប់ពី​ត្រូវ​បាន​ទម្លាក់​ចេញពី​ពានរង្វាន់ Copa do Brasil ដោយ​ក្រុម Vasco និង​បាន​ធ្លាក់​ចេញពី​ពានរង្វាន់ Copa Libertadores មួយ​ខែ​មុន​នោះ​។ ក្នុងការ​ប្រកួត​ចុងក្រោយ​របស់​ពួកគេ​ទល់នឹង​ក្រុម Mirassol ក្រុម​របស់​លោក​បាន​ធ្លាក់ចុះ​ផ្នែក​ការពារ​យ៉ាង​គំហុក ដោយ​របូត​បី​គ្រាប់​ក្នុង​រយៈពេល ១៧ នាទី ដើម្បី​បោះបង់​ការនាំមុខ​បី​គ្រាប់។

បន្ទាប់ពី​ការប្រកួត លោក Ancelotti ជឿជាក់ថា​លោក​ត្រូវការ​ពេល​ដើម្បី​វិភាគ​ពី​ភាព​បរាជ័យ​នេះ និង​កែលម្អ​កំហុស​របស់​ពួកគេ​។ លោក​បាន​និយាយថា​៖ «វា​ពិបាក​នឹង​ធ្វើការ​វិភាគ​ណាស់។ គ្មានអ្វី​ច្រើន​ដើម្បី​ពន្យល់​នៅពេល​នេះ​ទេ។ យើង​ត្រូវការ​ពេល​ដើម្បី​វិភាគ​ថា​មាន​អ្វី​កើតឡើង​នៅ​តង់​ទីពីរ។ តង់​ទីមួយ​គឺ​ល្អ​ណាស់ ដែល​ពួកយើង​បាន​លេង​បាល់ទាត់​ដ៏​ល្អ​បំផុត​របស់​យើង។ តែ​តង់​ទីពីរ​យើង​បាន​បាត់បង់​ទម្រង់​លេង​អស់»។

ក្រោយមក លោក Ancelotti ក៏បាន​ចោទសួរ​ពី​ផ្នត់គំនិត​របស់​កីឡាករ​របស់​លោក​ថា៖ «ការ​លេង​បែបនេះ​ជា​រឿង​នៃ​ផ្នត់គំនិត។ យើង​មិនបាន​ប្រតិកម្ម​ល្អ​ចំពោះ​ភាពលំបាក​ទេ។ ថ្ងៃនេះ​យើង​មិនបាន​ប្រតិកម្ម​ល្អ​ចំពោះ​ការ​បរាជ័យ​លើក​ដំបូង​ទេ។ ក្នុងការ​ប្រកួត​ចុងក្រោយ​ទល់នឹង São Paulo យើង​បាន​លេង​អាក្រក់​ខ្លាំង​ណាស់។ រូបភាព​ដែល​យើង​ត្រូវ​រក្សា​គឺ​ប្រាកដ​ណាស់​រូបភាព​ដែល​យើង​មាន​នៅ​តង់​ទីមួយ។ យើង​ត្រូវ​ព្យាយាម​រក្សា​កម្រិត​លេង​នេះ​ឱ្យបាន​យូរ​ជាង​នេះ ហើយ​ដឹង​ពី​របៀប​ដើម្បី​ផ្តល់​អាទិភាព​ក្នុង​ការប្រកួត ដឹង​ពី​របៀប​អាន​ការប្រកួត និង​ពេលណា​ដែល​ត្រូវ​ការពារ​ឱ្យបាន​ល្អ ក្រុម​នេះ​ដឹង​ពី​របៀប​ការពារ​បាន​ល្អ។ ប៉ុន្តែ​យើង​មិនត្រូវ​បាត់បង់​ស្មារតី​ក្នុង​គ្រា​លំបាក​នោះ​ទេ ដូច្នេះ​ដោយសារ​បញ្ហា​នេះ​យើង​ខ្វះ​ភាព​បន្ត​ជាប់ ពួកយើង​ត្រូវការ​ប្រតិកម្ម​ល្អ​ចំពោះ​ភាពលំបាក»។

Rangers v Celtic - William Hill Premiership

ក្រុម Rangers សង្ឃឹមថា​លទ្ធផល​នឹង​ផ្លាស់ប្តូរ​ក្រោម​ការដឹកនាំ​របស់​លោក Martin ទោះបីជា​ពួកគេ​បាន​វាយតម្លៃ​ពី​បេក្ខភាព​ជំនួស​ដោយ​ស្ងាត់ៗ​ក៏ដោយ បន្ទាប់ពី​បាន​ជ្រើសរើស​លោក​ជាង​បេក្ខភាព​ផ្សេងទៀត​កាលពី​រដូវក្តៅ។ ម្យ៉ាងវិញទៀត លោក Ancelotti នឹង​ផ្តោត​លើ​ការ​ធ្វើឲ្យ​ទម្រង់​លេង​របស់ Botafogo មាន​ស្ថិរភាព​ឡើងវិញ​ទោះបីជា​មាន​ដំណឹង​ផ្សារភ្ជាប់​មក​កីឡដ្ឋាន Ibrox ក៏ដោយ ដោយសារ​តួនាទី​នេះ​គឺជា​ការងារ​ជា​គ្រូបង្វឹក​ឈុតធំ​ដំបូង​របស់​គាត់ បន្ទាប់ពី​ចំណាយ​ពេល​ជាច្រើន​ឆ្នាំ​ធ្វើការ​ជា​ជំនួយការ​របស់​ឪពុក​របស់គាត់​គឺ​លោក Carlo Ancelotti នៅ​ក្លិប Real Madrid៕

Previous articleHarry Kane ទទួលស្គាល់ថាខ្លួនកំពុងស្ថិតក្នុងទម្រង់លេងល្អបំផុតក្នុងអាជីព
Next articleJose Mourinho វិលត្រឡប់​ទៅកាន់​ក្លិប​ដំបូង​បំផុត​ក្នុង​អាជីព​ជា​អ្នកចាត់ការ