បរទេស៖ Eriksen ត្រូវបានប្តូរចេញជាបន្ទាន់កាលពី ៣ខែមុន ក្នុងកំពុងខែមករា ដោយសារបញ្ហារបួសជង្គង់ ពេលដែលប៉ះទង្គិចជាមួយនឹង Andy Carroll របស់ Reading ក្នុងពានរង្វាន់ FA Cup ជុំទី៣។ លោក Ten Hag បានបញ្ជាក់ថាកីឡាករសញ្ជាតិដាណឺម៉ាករូបនេះនឹងត្រលប់ចូលទីលានវិញនៅខែក្រោយ បន្ទាប់ពីបញ្ហារបួសរបស់គាត់បានជាសះស្បើយឡើងវិញយ៉ាងល្អ។
លោក Ten Hag បានប្រាប់អ្នកសារព័ត៌មានថា “នៅថ្ងៃណាមួយក្នុងខែមេសា គាត់នឹងអាចត្រលប់មកវិញ។ គាត់បានធ្វើយ៉ាងល្អក្នុងកំឡុងពេលសម្រាក់ព្យាបាលរបួស ហើយពួកយើងកំពុងរងចាំមើលការវិវត្តន៍របស់គាត់នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀតនេះ”។
គួរបញ្ជាក់ថាការវិលត្រលប់មកវិញរបស់ Eriksen អាចនឹងជួយដល់ក្លឹប United យ៉ាងខ្លាំង។ ក្លឹបបិសាចក្រហមនឹងត្រូវមានការប្រកួតដល់ញឹកញាប់នៅក្នុងមេសាខាងមុខនេះ ដោយត្រូវលេង ៩ប្រកួត គ្រប់ព្រឹត្តិការណ៍ទាំងអស់។ ហើយ Casemiro ដែលជាខ្សែបម្រើដល់សំខាន់ម្នាក់ក៏អាចនឹងត្រូវខកខានលេងដល់ទៅ ៣ប្រកួត ដោយសារការពិន័យកាត់ក្រហមក្នុងប្រកួតមុន៕
ប្រភព៖ GOAL