Antony ត្រូវដកឈ្មោះចេញពីក្រុមជម្រើសជាតិប្រេស៊ីលភ្លាមៗ ដោយសារតែបញ្ហាមួយនេះ

បរទេស៖ សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល បានធ្វើការពិភាក្សាទៅលើបញ្ហារបស់កីឡាករ Antony បន្ទាប់ពីអតីតមិត្តស្រីរបស់គាត់បានចោទប្រកាន់គាត់ពីបទរំលោភបំពាន និងប្រើប្រាស់អំពើហិង្សា។

សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល បានឈានដល់ការសន្និដ្ឋានចុងក្រោយមួយ ដោយមិនអនុញ្ញាតអោយកីឡាករវ័យ ២៣ឆ្នាំរូបនេះចូលរួមជាមួយនឹងក្រុមជម្រើសជាតិសម្រាប់ការប្រកួតនៅខែកញ្ញានោះទេ។

នៅក្នុងនោះសេចក្តីថ្លែងការណ៍នោះបានសរសេរថា “ចំពោះអ្វីដែលបានបញ្ជាក់កាលពីថ្ងៃចន្ទ ទី៤ ខែកញ្ញាកន្លងទៅ ទាក់ទងនឹងការស៊ើបអង្កេតទៅលើកីឡាករ Antony ដែលត្រូវចោទប្រកាន់ និងដើម្បីការពារចំពោះជនរងគ្រោះ។ សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល នឹងដកឈ្មោះកីឡាកររូបនេះចេញពីក្រុមជម្រើសជាតិប្រេស៊ីល”។

គួរបញ្ជាក់ថា អតីតសង្សាររបស់កីឡាករ Antony បានធ្វើការដាក់ពាក្យបណ្តឹងទៅប៉ូលីស Sao Paulo និងប៉ូលីស Greater Manchester។ ជនរងគ្រោះបានបញ្ជាក់ថា កីឡាករ Antony បានប្រើអំពើហិង្សាទៅលើនាង នៅចន្លោះខែមិថុនា ឆ្នាំ២០២២ ដល់ខែឧសភា ឆ្នាំ២០២៣៕

Previous articleកីឡាករ Sergio Ramos សម្រេចចិត្តវិលត្រលប់ទៅកាន់ក្លឹបចាស់នៅអេស្ប៉ាញវិញ
Next articleមកដឹងកញ្ចប់ថវិកាចុងក្រោយ ដែលក្លឹប Al-Ittihad សុំទិញ Salah ពី Liverpool