បរទេស៖ វីរបុរសនៅ La Liga បានធ្វើការប្រកាសរួចហើយថាគាត់នឹងចាកចេញពីក្លឹបនៅអេស្ប៉ាញនៅចុងរដូវកាលនេះ។ ប៉ុន្តែតាមរយៈសារព័ត៌មាន HITC បានអោយដឹងថាក្លឹប Barcelona ជឿជាក់ថាលោក Xavi Hernandez នៅតែអាចសម្រេចចិត្តបន្តធ្វើគ្រូបង្វឹកដដែរ។
ខាងក្លឹប Barcelona កំពុងតែធ្វើការស្វែករកនៅអ្នកមកជំនួសកន្លែងរបស់លោក Xavi នៅរដូវក្តៅនេះ ដោយក្នុងនោះមានបេក្ខភាពលោក Hansi Flick និងលោក Julian Nagelsmann ដែលជាគោលដៅផងដែរ ខណៈស្របពេលនឹងគ្នានេះក៏មានលោក Roberto De Zerbi របស់ក្លឹប Brighton ក៏ស្ថិតនៅក្នុងបញ្ជីរបស់ក្លឹប Barca ដូចគ្នា។
ស្ថានភាពរបស់លោក Xavi ហាក់មានការគួរអោយចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែមានក្លឹបនៅ Premier League ដូចជាក្លឹប Chelsea និង Newcastle United បានកោតសរសើរទៅលើបុរសញ្ជាតិអេស្ប៉ាញមានវ័យ ៤៤ឆ្នាំរូបនេះ។
ក្នុងនោះក្លឹប Chelsea និង Newcastle United ដែលមានលោក Mauricio Pochettino និងលោក Eddie Howe ជាគ្រូបង្វឹក។ ខណៈអ្នកទាំង ២កំពុងស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើង ដែលជាហេតុធ្វើអោយអនាគតពួកគេហាក់មានភាពមិនច្បាស់លាស់ ដោយនឹងត្រូវសម្រេចនាចុងរដូវកាលនេះ។
ក្លឹប Chelsea ទើបតែទទួលរងបរាជ័យនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ League Cup កាលពីខែកុម្ភៈ ក្រោមទ្វៃជើងក្លឹប Liverpool នៅ Wembley។ ហើយពួកគេក៏ត្រូវជួបជាមួយនឹងក្លឹប Manchester City ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព័្រត្រ FA Cup។ ប៉ុន្តែទម្រង់លេងរបស់ពួកគេក្នុងក្របខ័ណ្ឌ Premier League គឺគ្មានអ្វីគួរអោយកត់សំគាល់នោះទេ ដោយពួកគេកំពុងតែឈរនៅលេខរៀងទី ១១ ក្នុងតារាង។
ក្លឹប Chelsea មានព័ត៌មានចចាមអារ៉ាមជាមួយនឹងការចាប់អារម្មណ៍ទៅលើលោក Ruben Amorim គ្រូបង្វឹកក្លឹប Sporting ប៉ុន្តែពេលនេះក្លឹបតោខៀវអាចនឹងសម្លឹងឃើញលោក Xavi ជាជម្រើសផ្សេងមួយនេះផងដែរ៕



