បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ iNews បានអោយដឹងថាសហម្ចាស់ក្លឹប Manchester United ថ្មី និងជានាយកផ្នែកកីឡានៅ INEOS លោក Sir Dave Brailsford កំពុងពិចារណាក្នុងការចង់រក្សាលោក Erik Ten Hag ជាអ្នកចាត់ការក្លឹបលើសពីរដូវកាលនេះ បន្ទាប់ពីគាត់បានដឹកនាំក្លឹបយកជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅលើគូប្រជែង Liverpool ក្នុងពានរង្វាន់ FA Cup នាវគ្គ ១/៤ ផ្តាច់ព្រ័ត្រ។

ទោះបីជាយ៉ាងណា ស្ថានភាពអាចនឹងមានការផ្លាស់ប្តូរ ប្រសិនបើលោក Dan Ashworth ដែលចាកចេញពីក្លឹប Newcastle United មកចូលរួមជាមួយក្លឹប Manchester United នៅរដូវកាលក្រោយក្នុងនាមជានាយកកីឡារបស់ពួកគេ។
ដកស្រង់ប្រភព iNews បានសរសេរថា៖ “ការសម្រេចដ៏ធំមួយ ដែលមិនមានការពិគ្រោះជាមួយអ្នកជំនាញ គឺមិនមែនជាអ្វីដែលលោក Sir Dave ធ្វើនោះទេ។ ប្រសិនជាមានរឿងនោះកើតឡើងមែន គាត់នឹងធ្វើការសាកសួរនៅគំនិតមនុស្សជាច្រើន។ ការផ្ទេរសិទ្ធិឱ្យមនុស្សត្រឹមត្រូវគឺជារឿងដែលគាតចង់ធ្វើ។ គាត់ដឹងច្បាស់ថាលោក Ashworth និងលោក Berrada ដឹងច្បាស់ជាគាត់ថាលោក Ten Hag ជាមនុស្សដ៏សាកសមសម្រាប់ Manchester United ឫក៏អត់”។

អ្នកចាត់ការសញ្ជាតិហូឡង់បានកាត់បន្ថយការងាររបស់គាត់ ខណៈដែលគាត់នឹងមានបំណងនាំក្រុមបិសាចក្រហមឱ្យឈានដល់ចំណាត់ថ្នាក់កំពូលទាំងបួននៅរដូវកាលនេះ ដើម្បីមានសិទ្ធិសម្រាប់ការប្រកួតក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ។ ប្រសិនជាគាត់បរាជ័យក្នុងការធ្វើរឿងនេះ ថ្នាក់ដឹកនាំក្លឹបអាចពិចារណាក្នុងការដកគាត់ចេញពីតំណែង។ នៅពេលនេះ លោក Ten Hag នឹងផ្តោតលើតួនាទីរបស់គាត់នៅ Old Trafford ខណៈក្លឹប United នឹងត្រូវប្រកួតជាមួយក្លឹប Brentford នៅថ្ងៃសៅរ៍សប្តាហ៍នេះ៕



