បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Corriere dello Sport បានអោយដឹងថាក្លឹប PSG បានធ្វើការដាក់សំណើរតម្លៃ ២០០លានអឺរ៉ូក្នុងការចុះហត្ថលេខាយកកីឡាករ Kvaratskhelia និង Osimhen។ លោក Antonio Conte ដែលជាគ្រូបង្វឹកថ្មីរបស់ Napoli បានបញ្ជាក់ថាកីឡាករសញ្ជាតិហ្សកហ្ស៊ីរូបនេះនឹងបន្តស្នាក់នៅក្លឹប ប៉ុន្តែកីឡាករ Osimhen អាចនឹងធ្វើការផ្ទេរ ប្រសិនជាទទួលបាននៅសំណើរសមរមមួយ។ តារាឆ្នើមសញ្ជាតិនីហ្សេរីយ៉ា មានលក្ខខណ្ឌផ្តាច់កុងត្រាប្រមាណ ១៣០លានអឺរ៉ូ ហើយខាងក្លឹប Napoli មានឆន្ទៈក្នុងការអនុញ្ញាតអោយគាត់ចាកចេញពីក្លឹប។
បើទោះបីជាមានការចាប់អារម្មណ៍ពីក្លឹប PSG ក៏ដោយ ក៏ភ្នាក់ងាររបស់កីឡាករ Kvaratskhelia បានបង្ហើបអំពីអនាគតរបស់អតិថិជនខ្លួនដោយគាត់នឹងបន្តស្នាក់នៅជាមួយក្លឹប Napoli ហើយអាចបន្តកុងត្រារបស់គាត់ទៀតផង។ វាហាក់ដូចជាមិនអាចទៅរួចទេសម្រាប់ក្លឹបបារាំងក្នុងការបញ្ចុះបញ្ចូលខ្សែបម្រើស្លាបឱ្យចាកចេញពីក្លឹបអ៊ីតាលី ខណៈពួកគេអាចមានភាគរយខ្ពស់ក្នុងការផ្ទេរយកបានតែកីឡាករ Osimhen ប៉ុណ្ណោះ។
លោក Mamuka Jugeli បាននិយាយប្រាប់ Corriere dello Sport ថា៖ “Kvaratskhelia មិនបានលេង Champions League? បន្ទាប់មកគាត់ចង់ឈ្នះ Scudetto ។ សម្រាប់អនាគតអ្វីគ្រប់យ៉ាងអាស្រ័យលើប្រធានក្លឹប Napoli ប្រសិនបើគាត់គិតចង់លក់កីឡាករ Kvara គាត់នឹងធ្វើ ហើយប្រសិនបើគាត់ចង់បន្ត គាត់នឹងបន្តវា”។
ក្លឹប PSG ប្រហែលជាត្រូវផ្តោតការយកចិត្តទុកដាក់លើការផ្ទេរកីឡាករ Osimhen ។ ទន្ទឹមនឹងនោះ Napoli នឹងសង្ឃឹមថា Kvaratskhelia នឹងប្តេជ្ញាការបន្តស្នាក់នៅជាមួយក្លឹប ជាជាងផ្ទេរទៅកាន់ក្លឹប PSG ដែលកំពុងស្វែងរកកីឡាករមកជំនួសកន្លែងរបស់កីឡាករ Mbappe ដែលបានផ្ទេរទៅកាន់ក្លឹប Real Madrid៕