បរទេស៖ ក្លឹប United បានចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកខ្សែការពារថ្មីយ៉ាងហោចណាស់អោយបានម្នាក់នៅរដូវក្តៅនេះ ស្របពេលដែលការផ្ទេរយក Matthijs de Ligt ពីក្លឹប Bayern Munich ហាក់កំពុងទទួលបានផ្លែផ្កា ប៉ុន្តែបិសាចក្រហមក៏មិនបានបោះបង់ចោលការផ្ទេរយកកីឡាករ Branthwaite របស់ Everton បើទោះបីជាក្លឹបមួយនេះបានបដិសេធនៅសំណើរផ្ទេរជាលើកទី២ក៏ដោយ។ ប៉ុន្តែការវិវឌ្ឍន៍នៃការផ្ទេរផ្សេងទៀតនៅក្លឹប Everton បានក្លាយជាការគំរាមកំហែងដល់ក្លឹប Man Utd ក្នុងការផ្ទេរយកកីឡាករ Branthwaite។
ក្លឹប Everton កាន់តែខិតជិតក្នុងការលក់កីឡាករ Amadou Onana ទៅកាន់ក្លឹប Aston Villa ក្នុងតម្លៃប្រហែល ៥០លានផោន ហើយនោះបានបង្កជាបញ្ហាធំសម្រាប់ក្លឹប Manchester United។ នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាក្លឹប Everton ដែលជួបបញ្ហាទាក់ទងនឹងច្បាប់ស្តីពីប្រាក់ចំណេញ និងនិរន្តរភាពនៃក្របខ័ណ្ឌ Premier League (PSR) កាលពីរដូវកាលមុន បានធ្វើការចាប់ទុកថាកីឡាករ Branthwaite មិនមែនសម្រាប់លក់នោះទេ លុះត្រាតែពួកគេទទួលបាននៅសំណើរដ៏ធំមួយ។ កត្តានេះបានធ្វើអោយក្តីសង្ឃឹមរបស់ក្លឹប Manchester United ក្នុងការផ្ទេរយក Branthwait ក្នុងតម្លៃទាបជាងការទាមទារ ៧០លានផោនរបស់ក្លឹប Everton ត្រូវបានកាត់បន្ថយ។
កីឡាករ Branthwaite ធ្លាប់លេងក្រោមការដឹកនាំរបស់ជំនួយការគ្រូបង្វឹកថ្មីក្លឹប United លោក Ruud van Nistelrooy កំឡុងពេលខ្ចីជើងកាលពីឆ្នាំ ២០២២-២៣ នៅក្លឹប PSV Eindhoven ។ វាជាឆ្នាំដ៏សំខាន់មួយសម្រាប់អាជីពរបស់គាត់ព្រោះវាជារដូវកាលដ៏មានអត្ថន័យបំផុតក្នុងការប្រកួតប្រជែងនៅក្របខ័ណ្ឌកំពូល ចាប់តាំងពីគាត់បានផ្ទេរមកកាន់ក្លឹប Everton ពីក្លឹប Carlisle ក្នុងឆ្នាំ២០២០។ គាត់បានបង្ហាញខ្លួន ៣៥ប្រកួតនៅ Premier League កាលពីរដូវកាលមុន ក្រោយត្រលប់មកកាន់ទឹកដី Goodison Park វិញ។
ក្លឹប United ត្រូវតែធ្វើការថ្លឹងថ្លែងលើជម្រើសរបស់ពួកគេធៀបទៅនឹងថវិការ ហើយទើបធ្វើការសម្រេចចិត្តថាត្រូវដាក់សំណើរជាថ្មីសម្រាប់ការផ្ទេរយក Branthwaite នៅក្នុងរដូវក្តៅនេះ។ ពួកគេមានជម្រើសសំខាន់ៗជាច្រើនដោយក្នុងនោះក៏មានការដាក់សំណើរផ្ទេរយកកីឡាករ Leny Yoro ហើយក៏ត្រូវបានក្លឹប Lille ទទួលយកផងដែរ។ ហើយឧបសគ្គសម្រាប់ការផ្ទេរមួយនេះ គឺការបញ្ចុះបញ្ចូលកីឡាករសញ្ជាតិបារាំងមានវ័យ ១៨ឆ្នាំអោយជ្រើសរើសការផ្ទេរមកកាន់ Old Trafford ជាជៀងរង់ចាំការផ្ទេរទៅកាន់ក្លឹប Real Madrid៕