បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Mundo Deportivo បានអោយដឹងថាក្លឹបកាំភ្លើងធំបានត្រៀមក្នុងការផ្តល់នៅកុងត្រារយៈពេលវែងអោយកីឡាករសញ្ជាតិអេស្ប៉ាញ ខណៈពួកគេមានចំណាប់អារម្មណ៍ក្នុងការនាំយកនៅរូបគាត់មកកាន់ Arsenal នៅក្នុងទីផ្សារដោះដូររដូវក្តៅនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេនឹងត្រូវប្រជែងជាមួយនឹងក្លឹប Aston Villa ដែលមានបំណង់ចង់បានកីឡាករវ័យ ២៨ឆ្នាំរូបនេះ មកពង្រឹងក្រុមរបស់ខ្លួនផងដែរ។
លោក Mikel Arteta កំពុងស្វែងរកជម្រើសខ្សែបម្រើកណ្តាលដែលមានគុណភាព ដើម្បីពង្រឹងក្រុមរបស់ខ្លួនមុនរដូវកាល ២០២៤-២៥។ កីឡាករ Merino បានទទួលជោគជ័យជាមួយនឹងក្លឹប Real Sociedad កាលពីរដូវកាលមុន ដោយគាត់បានបង្ហាញខ្លួន ៤៥ដងនៅគ្រប់ការប្រកួតទាំងអស់ ហើយស៊ុតបញ្ចូលទីបាន ៨គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុម ៥ដង។ កុងត្រារបស់កីឡាករខាងលើនៅសល់តែ ១ឆ្នាំទៀតប៉ុណ្ណោះ ស្របពេលក្លឹប Real Sociedad បានផ្តល់នៅកុងត្រាថ្មីសម្រាប់គាត់ផងដែរ ប៉ុន្តែគាត់មិនទាន់បញ្ជាក់អំពីអនាគតខ្លួននោះទេ។
ក្លឹប Aston Villa មានព័ត៌មានចចាមអារ៉ាមក្នុងការផ្ទេរយកកីឡាករ Merino មួយរយៈមកនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ជាមួយនឹងការមកដល់ដ៏ឆាប់ៗនេះរបស់កីឡាករ Amadou Onana នៅក្នុងតំណែងដូចគ្នា ពួកគេអាចនឹងពិចារណាក្នុងការដកខ្លួនចេញពីការប្រណាំងប្រជែងមួយនេះ។
សម្រាប់ពេលនេះ កីឡាករ Merino បានរួមចំណែកជួយក្រុមជម្រើសជាតិអេស្ប៉ាញអោយយកឈ្នះក្រុមជម្រើសជាតិអង់គ្លេសសម្រាប់វគ្គផ្តាច់ព្រ័ត្រ Euro ២០២៤ ៕