Barca ត្រៀមក្នុងការចំណាយប្រាក់ ៦០លានអឺរ៉ូសម្រាប់ផ្ទេរយកកីឡាករ Olmo

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sport Bild បានអោយដឹងថាទោះបីជាលក្ខខណ្ឌផ្តាច់កុងត្រា ៦០លានអឺរ៉ូរបស់កីឡាករ Olmo បានអស់សុពលកាលពីថ្ងៃទី២០ ខែកក្ដាក៏ដោយ ក៏ក្លឹប RB Leipzig នៅតែបើកចំហសម្រាប់ការចរចាដដែ។ ក្លឹបនៅ Bundesliga ដឹងអំពីការចំណាប់អារម្មណ៍យ៉ាងច្រើនលើកីឡាកររបស់ពួកគេ ដោយមាន Manchester City, Atletico Madrid និង Bayern Munich សុទ្ធតែជាក្លឹបដែលចង់បានគាត់ដូចទៅនឹងក្លឹប Barcelona ដូចគ្នារ។ ពួកគេកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីទទួលបានចុះហត្ថលេខាយកកីឡាករសញ្ជាតិអេស្ប៉ាញម្នាក់នេះ។

Dani Olmo Spain Euro 2024

ដោយសារតែក្លឹប Barcelona មិនអាចបំពេញតាមតម្លៃផ្តាច់កុងត្រារបស់កីឡាករ Olmo បាន ទើបធ្វើអោយពួកគេគិតរកយុទ្ធសាស្ត្រថ្មីក្នុងការទូរទាត់ថ្លៃផ្ទេរ។ ក្លឹបកំពុងសម្លឹងមើលការរៀបចំនៅវិធីសាស្ត្រថ្មីសម្រាប់ទូរទាត់ថ្លៃផ្ទេរអោយសមស្របទៅនឹងបញ្ហាហិរញ្ញវត្ថុដែលក្លឹបកំពុងជួបប្រទះ ហើយពួកគេអាចនឹងផ្តល់នៅសំណើរផ្ទេរចន្លោះពី ៤០-៥០លានអឺរ៉ូ ដែលត្រូវបង់ជា៣ដំណាក់កាល។ ហើយសម្រាប់ប្រាក់ផ្សេងទៀត ដើម្បីអោយគ្រប់ចំនួន ៦០លានអឺរ៉ូ គឺពួកគេនឹងផ្តល់តាមរយៈប្រាក់រង្វាន់វិញ។

ក្លឹប Barcelona ត្រូវបានគេរាយការណ៍ថាបានផ្តល់ឱ្យ Olmo នូវកិច្ចសន្យារយៈពេល ៦ឆ្នាំ។ កិច្ចព្រមព្រៀងដ៏យូរនេះនឹងអនុញ្ញាតអោយក្លឹបកាត់បន្ថយថ្លៃផ្ទេរកីឡាករក្នុងរយៈពេលជាច្រើនឆ្នាំ ដោយសារតែបញ្ហាហិរញ្ញវត្ថុ និងត្រូវគោរពតាមបទប្បញ្ញត្តិពី La Liga និង UEFA។ កិច្ចសន្យាដែលបានស្នើឡើងសម្រាប់កីឡាករ Olmo រួមមានប្រាក់បៀវត្សរ៍ដំបូងប្រហាក់ប្រហែលនឹងប្រាក់ចំណូលបច្ចុប្បន្នរបស់គាត់នៅក្លឹប Leipzig គឺ ១១លានអឺរ៉ូ ក្នុងមួយឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ ប្រាក់បៀវត្សរ៍ត្រូវបានកំណត់ថាតម្លើងអោយនៅឆ្នាំទី៣ នៃកិច្ចសន្យានេះ លក្ខខណ្ឌមួយនេះក៏ធ្លាប់បានធ្វើជាមួយនឹងកីឡាករល្បីៗដូចជា Robert Lewandowski និង Ilkay Gündogan។

Nico Williams Dani Olmo

ដើម្បីជួយសម្រួលដល់ផ្នែកហិរញ្ញវត្ថុដែលត្រូវការសម្រាប់ការទិញយកកីឡាករ Olmo ក្លឹប Barcelona កំពុងពិចារណាលើការលក់កីឡាករជាច្រើននាក់។ ក្នុង​ចំណោម​អ្នក​ដែល​មាន​សក្តានុពល​សម្រាប់​លក់​មាន​ខ្សែ​ការពារ​កណ្តាល Clement Lenglet និង Inigo Martinez ព្រម​ទាំង​កីឡាករ​ប្រេស៊ីល Vitor Roque ដែលជាកីឡាករវ័យក្មេងមានទេពកោសល្យម្នាក់។ ទន្ទឹមនឹងការឈ្នះពាន Euro ២០២៤ ធ្វើអោយកីឡាករ Nico Williams និងកីឡាករ Olmo បានក្លាយជាគោលដៅចម្បងសម្រាប់ក្រុមកាតាឡាន និងគ្រូបង្វឹករបស់ពួកគេគឺលោក Hansi Flick ហើយពួកគេនឹងព្យាយាមក្នុងការនាំយកកីឡាករ ២រូបនេះមកកាន់ក្លឹបខ្លួនអោយបាន៕

Previous articleខ្សែបម្រើ Youssouf Fofana អាចជាជម្រើសផ្សេងមួយទៀតសម្រាប់ក្លឹប Man Utd
Next articleឯកឧត្តមបណ្ឌិត ថោង ខុន ធ្វើទស្សនកិច្ចនៅភូមិកីឡាទីក្រុងប៉ារីស ដែលជាកន្លែងស្នាក់នៅរបស់អត្តពលិកចូលរួមប្រកួតអូឡាំពិកហ្គេម លើកទី៣៣