បារាំង៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានធ្វើទស្សនកិច្ចនៅភូមិកីឡាទីក្រុងប៉ារីសប្រទេសបារាំង ល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ដែលជាកន្លែងស្នាក់នៅរបស់អត្តពលិកចូលរួមប្រកួតកីឡាអូឡាំពិក រដូវក្តៅ លើកទី៣៣ ឆ្នាំ២០២៤។
ឯកឧត្តមបណ្ឌិត ថោង ខុន និងឯកឧត្តម វ៉ាត់ ចំរើន ក៏បានសិក្សាពីការរៀបចំ ក៏ដូចជាការដកស្រង់បទពិសោធ និងជួបសំណេះសំណាលសួរសុខទុក្ខដល់កីឡាករ កីឡាការិនីកម្ពុជា ដែលបានស្នាក់នៅភូមិកីឡា ហើយក៏ពិនិត្យទៅលើការរៀបចំកម្មវិធីមួយចំនួនពាក់ព័ន្ធជាមួយនឹងការហ្វឹកហាត់កម្មវិធីប្រកួត ក៏ដូចជាត្រៀមចូលរួមពិធីបើកជាផ្លូវការព្រឹត្តិការណ៍អូឡាំពិកហ្គេម នៅយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។
កម្ពុជាបានបញ្ជូនអត្តពលិក៣នាក់ លើ២ប្រភេទកីឡា ដែលត្រូវទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកហ្គេម លើកទី៣៣ នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងនោះមានកីឡាករអត្តពលកម្ម ឈុន ប៊ុនថន ប្រកួតលើវិញ្ញាសា រត់ចម្ងាយ ៨០០ម៉ែត្រ នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤។ ចំពោះប្រភេទកីឡាហែលទឹក មានកីឡាករ កីឡាការិនី២នាក់ គឺកីឡាករ កូសុងដឺឡាបរ៉ារ៉ង អង់ត្វ័នម៉ាតាំងក្លូឌ ត្រូវប្រកួតវិញ្ញាសាហែលសេរីចម្ងាយ១០០ម៉ែត្រ ចាប់ផ្ដើមនៅថ្ងៃទី៣០ ខែកក្កដា និងកីឡាការិនី សាក់ប៊ុន អប្សរា កាតារីណា ត្រូវប្រកួតលើវិញ្ញាសាសេរី ៥០ម៉ែត្រ នាថ្ងៃទី០៣ ខែសីហា។ អ្នកទាំង៣ទទួលបានសិទ្ធិអនុគ្រោះ សម្រាប់ការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅ ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង ដោយព្រឹត្តិការណ៍ទាំងមូលនឹងត្រូវដំណើរការជាផ្លូវការចាប់ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ សីហា ឆ្នាំ២០២៤៕



