បរទេស៖ កីឡាករវ័យ ២៦ឆ្នាំរូបនេះត្រូវបានចោទប្រកាន់ពីបទធ្វើអោយទទួលកាតលឿងដោយចេតនាក្នុងការប្រកួត Premier League ចំនួន 4 ដងជាមួយនឹងក្រុម Leicester City, Aston Villa, Leeds United និង Bournemouth ។ ប្រសិនបើរកឃើញថាមានកំហុសដោយ FA (សមាគមបាល់ទាត់) កីឡាករ Paqueta អាចប្រឈមមុខនឹងការហាមឃាត់បាល់ទាត់អស់មួយជីវិត។
នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹប West Ham កំពុងពិចារណាយករឿងនេះទៅតុលាការអាជ្ញាកណ្តាលសម្រាប់កីឡា (CAS) ក្នុងទីក្រុង Lausanne ។ ក្លឹបកំពុងសាកសួរយុត្តាធិការរបស់ FA ជុំវិញករណីនេះ ដោយលើកហេតុផលថា សកម្មភាពភ្នាល់គួរឱ្យសង្ស័យពាក់ព័ន្ធនឹង Paqueta បានកើតឡើងនៅក្នុងប្រទេសប្រេស៊ីល។ លើសពីនេះទៀតក្រុមញញួរធំចាត់ទុកថាវាមិនសមហេតុផលសម្រាប់កីឡាករ Paqueta ដែលអាចបាត់បង់អាជីពលេងរបស់គាត់ដោយសារតែការចោទប្រកាន់ទាំងនេះ។
រហូតដល់វិន័យរបស់ FA ត្រូវបានដំណើរការ កីឡាករ Paqueta នៅតែមានសិទ្ធិលេងឱ្យក្រុម West Ham ។ កីឡាករសញ្ជាតិប្រេស៊ីលបានបដិសេធជាបន្តបន្ទាប់ថាមិនជាប់ពាក់ព័ន្ធនឹងសកម្មភាពកំណត់លទ្ធផលនេះទេ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Paqueta បានសម្តែងការភ្ញាក់ផ្អើល និងការខកចិត្តរបស់គាត់ចំពោះការចោទប្រកាន់នេះ ដោយបញ្ជាក់ថា “អស់រយៈពេលប្រាំបួនខែ ខ្ញុំបានសហការជាមួយគ្រប់ជំហាននៃការស៊ើបអង្កេតរបស់ពួកគេ និងផ្តល់ព័ត៌មានទាំងអស់ដែលខ្ញុំអាចធ្វើបាន។ ខ្ញុំបដិសេធការចោទប្រកាន់ទាំងស្រុង ហើយនឹងតស៊ូ គ្រប់ដង្ហើមដើម្បីសម្អាតឈ្មោះខ្ញុំ”។
ការចោទប្រកាន់ប្រឆាំងនឹងកីឡាករ Paqueta ដំបូងបានកើតឡើងនៅក្នុងខែសីហា ឆ្នាំ២០២៣ ហើយការស៊ើបអង្កេតការភ្នាល់បាននាំឱ្យមានការផ្ទេររបស់គាត់ទៅកាន់ក្លឹបម្ចាស់ជើងឯក Premier League ក្លឹប Manchester United ដែលមានតម្លៃ ៨៥លានផោនត្រូវបានបរាជ័យ។ គោលការណ៍ណែនាំដាក់ទណ្ឌកម្មរបស់ FA សម្រាប់កីឡាករដែលរកឃើញថាមានកំហុសក្នុងការកំណត់លទ្ធផល ត្រូវហាមឃាត់ការប្រកួតចាប់ពីប្រាំមួយខែរហូតដល់មួយជីវិត។
បន្ទាប់ពីចូលរួមជាមួយក្រុមជម្រើសជាតិប្រេស៊ីលក្នុងព្រឹត្តិការណ៍ Copa America កីឡាករ Paqueta ត្រូវបានគេរំពឹងថានឹងចូលរួមជាមួយក្លឹប West Ham នៅសហរដ្ឋអាមេរិកវិញនៅសប្តាហ៍ក្រោយ ខណៈដែលពួកគេត្រូវប្រកួត Pre-Season។ ក្រុមញញួរធំ គ្រោងនឹងប្រកួតជាមួយក្រុម Wolves, Crystal Palace និង Celta Vigo មុនពេលពួកគេចាប់ផ្តើមយុទ្ធនាការ Premier League របស់ពួកគេជាមួយនឹងក្រុម Aston Villa ៕