បរទេស៖ កីឡាករ Martin Zubimendi មិនបានដើរតួសំខាន់ក្នុងយុទ្ធនាការ Euro ២០២៤ របស់ក្រុមជម្រើសជាតិអេស្ប៉ាញ។ ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីកីឡាករ Rodri ជួបបញ្ហារបួសនៅវគ្គផ្តាច់ព្រ័ត្រនៅទីក្រុងប៊ែរឡាំង ខ្សែបម្រើរបស់ Real Sociedad ក៏បានចូលមកជួយក្រុមអេស្ប៉ាញអោយយកឈ្នះអង់គ្លេស។ លើសពីនេះ កីឡាករវ័យ ២៥ឆ្នាំរូបនេះ បានបង្ហាញភាពចាប់អារម្មណ៍របស់ខ្លួននៅក្លឹប Real Sociedad ក្នុងរយៈពេលប៉ុន្មានរដូវកាលចុងក្រោយនេះ ហើយបានក្លាយជាកីឡាករកំពូលម្នាក់របស់លោក Imanol Alguacil ។
Manchester United ដែលកំពុងសម្លឹងមើលការចុះហត្ថលេខាលើខ្សែបម្រើការពារនៅរដូវក្តៅនេះ កំពុងរក្សាការចាប់អារម្មណ៍លើកីឡាករសញ្ជាតិអេស្ប៉ាញ។ ទោះបីជាយ៉ាងណាក៏ដោយបើយោងតាមលោក Fabrizio Romano បាននិយាយនៅ GiveMeSport ថាការផ្ទេរនៅរដូវក្តៅនេះអាចមានភាពស្មុគស្មាញដោយសារតែ Zubimendi មិនមានបំណងចាកចេញពីក្លឹបដែលគាត់លេងតាំងពីក្មេងមក។ លើសពីនេះ ក្លឹប Real Sociedad បើកចំហរក្នុងការលក់កីឡាករវ័យ ២៥ឆ្នាំតែក្នុងលក្ខខណ្ឌដោះលែងរបស់គាត់ ៥១លានផោន ដែលអាចជាការលំបាកសម្រាប់ក្លឹបបិសាចក្រហមក្នុងការសម្រេចបាន លុះត្រាតែពួកគេធ្វើការលក់កីឡាករចេញមុនសិន។
កីឡាករ Zubimendi ធ្លាប់ត្រូវបានគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញលោក Luis de la Fuente សរសើរយ៉ាងខ្លាំងថាជាខ្សែបម្រើដ៏ឆ្នើមម្នាក់ក្នុងពិភពលោក។ កាលពីខែវិច្ឆិកា ឆ្នាំមុន បុរសវ័យ ៦៣ឆ្នាំរូបនេះត្រូវបានគេសួរថាតើគាត់បានបោះឆ្នោតឱ្យអ្នកណានៅក្នុងពានរង្វាន់ល្អបំផុតរបស់ FIFA ហើយគាត់បាននិយាយថា៖ “កីឡាករ Rodri, Haaland និង Messi … ហើយកាលពីឆ្នាំមុនខ្ញុំបានបោះឆ្នោតឱ្យ Julián Álvarez ដែលបង្កឱ្យមានភាពចលាចល… ប៉ុន្តែក៏បានបោះអោយ Bellingham និងសម្រាប់អ្នកទីបីគឺកីឡាករ Modric។ ប៉ុន្តែគ្មានអ្នកណាស្គាល់ Jude Bellingham ទេ លើកលែងតែនៅ Madrid ពិតណាស់។ ប៉ុន្តែនៅពេលនេះ Rodrigo គឺជាជម្រើសដំបូងរបស់ខ្ញុំ ព្រោះយើងមានខ្សែបម្រើកណ្តាលល្អបំផុតពីររូបក្នុងពិភពលោកគឺ Rodri និង Zubimendi”។
កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះគឺជាគោលដៅនៃការចាប់អារម្មណ៍ពីក្លឹប Barcelona, Real Madrid, Arsenal និង Bayern Munich ប៉ុន្តែគាត់បានរក្សាជំហរក្នុងការស្នាក់នៅជាមួយនឹងក្លឹប Real Sociedad បន្តរហូតដល់កុងត្រារបស់គាត់ដែលនឹងផុតនៅរដូវក្តៅឆ្នាំ២០២៧៕