បរទេស៖ បញ្ហាសេដ្ឋកិច្ចរបស់ក្លឹប Barcelona ដែលបានទាមទារអោយក្លឹបយក្សនៅកាតាឡានធ្វើការតស៊ូដើម្បីរកលុយអោយបានច្រើនកាលពីរដូវកាលមុន។ ខណៈស្ថានភាពប្រសើរឡើងក្នុងរយៈពេល ១២ខែ ក្លឹប Barcelona កំពុងសម្លឹងរកមើលការចុះហត្ថលេខាយកកីឡាករ Nico Williams និង Dani Olmo។ ដើម្បីធ្វើដូច្នេះបាន ពួកគេនឹងត្រូវធ្វើការលក់កីឡាករជាមុនសិន ខណៈការទីញកីឡាករទាំង ២នាក់គ្រោងនឹងចំណាយអស់ជាង ១០០លានអឺរ៉ូ។
ក្លឹប Barcelona កំពុងរាយការណ៍អំពីការចង់លក់កីឡាករ Ronald Araujo, Frenkie de Jong និង Ansu Fati ដែលអាចផ្តល់អោយពួកគេនូវថវិកាយ៉ាងច្រើនក្នុងការប្រើដើម្បីទិញកីឡាករមកវិញ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកទាំងបីបានរងរបួស ខណៈកីឡាករ ២រូបអាចនឹងអវត្តមានសម្រាប់ក្រុមលោក Hansi Flick រហូតដល់ចុងឆ្នាំ២០២៤។ នេះបើយោងតាមការចេញផ្សាយរបស់ SPORT បានអោយដឹងថាឈ្មោះកីឡាករម្នាក់ដែលផ្សារភ្ជាប់នឹងការលក់នាពេលថ្មីៗនេះ គឺកីឡាករ Gundogan។ ប្រភពដដែលបានអោយដឹងថាក្លឹប Barcelona បានដឹងថាមានក្លឹប ២នៅអារ៉ាប៊ីសាអូឌីត គឺក្លឹប Al Sadd និងក្លឹបមួយទៀតមិនបញ្ចេញឈ្មោះ ដែលបានចាប់អារម្មណ៍ទៅលើកីឡាករសញ្ជាតិអាឡឺម៉ង់រូបនេះ។
តារាឆ្នើមរបស់ក្លឹប Barcelona ម្នាក់ទៀតដែលអាចចាកចេញពីក្លឹបគឺខ្សែបម្រើស្លាបប្រេស៊ីល Raphinha ដែលត្រូវបានគេរាយការណ៍ថាបានចាប់អារម្មណ៍ពីក្រុមកំពូលពីររបស់ Saudi Pro League នៅ Al-Hilal និង Al-Nassr ។ របាយការណ៍មុនៗបានបង្ហាញថាការលក់កីឡាករវ័យ ២៧ឆ្នាំអាចប្រមូលប្រាក់ក្លឹប Barcelona ប្រមាណជាង ៩០លានអឺរ៉ូ។
កុងត្រារបស់អតីតតារា Manchester City ជាមួយក្រុមយក្សនៅកាតាឡាន នឹងផុតនៅរដូវក្តៅឆ្នាំ២០២៥ ហើយប្រសិនជាក្លឹបមិនបន្តកុងត្រាថ្មីអោយគាត់ នោះពួកគេនឹងត្រូវតែលក់គាត់នៅក្នុងរដូវក្តៅនេះ ដើម្បីជួយសម្រួលដល់បញ្ហាហិរញ្ញវត្ថុរបស់ក្លឹប៕