Marseille បើកការចរចាផ្ទេរយុវជន Moukoko ខណៈទទួលបានការបដិសេធពីក្លឹប Arsenal ចំពោះសំណើរផ្ទេរ Eddie Nketiah

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាខ្សែប្រយុទ្ធវ័យ ១៩ឆ្នាំកីឡាករ Moukoko បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្លឹបនៅ Ligue 1 ចំពេលមានការចាប់អារម្មណ៍ពីក្រុមចំនួន ៥ ផ្សេងទៀតមកពីជុំវិញទ្វីបអឺរ៉ុប។ ក្លឹប Marseille បច្ចុប្បន្នកំពុងចរចានៅលក្ខខណ្ឌជាមួយក្លឹប Dortmund លើកិច្ចព្រមព្រៀងខ្ចីជើងជាមួយនឹងកាតព្វកិច្ចទិញផ្តាច់។

Roberto De Zerbi Marseille Ligue 1

បន្ទាប់ពីមានទម្រង់លេងមិនសូវល្អក្នុងរដូវកាល ២០២៣-២៤ ដែលពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៨ នៅលីគបារាំង ធ្វើអោយក្រុម Marseille បានខិតខំប្រឹងប្រែងក្នុងការកសាងក្រុមរបស់ពួកគេឡើងវិញសម្រាប់រដូវកាល ២០២៤-២៥ ខាងមុខនេះ។ ដំណើរការនេះចាប់ផ្តើមដោយការនាំយកអតីតអ្នកចាត់ការក្លឹប Brighton លោក Roberto De Zerbi មកធ្វើជាអ្នកចាត់ការថ្មី។ ភ្លាមៗបន្ទាប់ពីបុរសសញ្ជាតិអ៊ីតាលីរូបនេះបានឡើងមក ពួកគេបានចុះហត្ថលេខាយកកីឡាករ Mason Greenwood ពីក្រុម Manchester United ហើយឥឡូវនេះកំពុងខិតជិតក្នុងការចុះហត្ថលេខាយកយុវជនវ័យក្មេងសញ្ជាតិអាឡឺម៉ង់។

បើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano កាលពីពេលកន្លងមកថាក្លឹបនៅ Ligue 1 បានដាក់សំណើរក្នុងតម្លៃ ២៧លានអឺរ៉ូ ) សម្រាប់ខ្សែប្រយុទ្ធ Eddie Nketiah របស់ក្លឹប Arsenal។ ទោះជាយ៉ាងណាក៏ដោយ ក្រុមកាំភ្លើងធំបានច្រានចោលនៅសំណើរដំបូងនេះ ខណៈដែលពួកគេបានចាត់ទុកសំណើរនេះទាបជាងតម្លៃដែលខ្លួនបានទាមទារ ហើយអ្វីដែលក្លឹប Arsenal បានទាមទារគឺប្រមាណ ៣៥លានអឺរ៉ូ បូកនឹងលក្ខខណ្ឌលក់នាពេលអនាគតផងដែរ។

Eddie Nketiah Arsenal 2023-24

នេះបើយោងតាមការចេញផ្សាយរបស់ L’Équipe បានអោយដឹងថាក្លឹប Marseille បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយកីឡាករ Nketiah ខណៈគាត់ចង់ផ្ទេរចេញដើម្បីស្វែងរកពេលវេលាលេងនៅលើទីលាន។ ទោះជាយ៉ាងណាក៏ដោយ វាមិនច្បាស់ទេថា តើក្លឹបបារាំងនឹងដាក់សំណើរទិញខ្សែប្រយុទ្ធរូបនេះជាថ្មីម្តងទៀតឫយ៉ាងណា ជាពិសេសប្រសិនជាពួកគេអាចបញ្ចប់ការផ្ទេរយកកីឡាករ Moukoko ដែលលេងក្នុងតំបន់ប្រយុទ្ធដូចគ្នា៕

Previous articleMan Utd កក់ពេលធ្វើតេស្តសុខភាពសម្រាប់កីឡាករ Mazraoui!!
Next articleកីឡាករ Manuel Ugarte នៅតែបន្តរង់ចាំក្លឹប Manchester United ដដែរ