បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថាកីឡាករ Antony បាននឹងកំពុងមានព័ត៌មានចចាមអារ៉ាមជាមួយនឹងក្លឹប Al-Nassr ខណៈពេលដែលក្លឹបនៅអារ៉ាប៊ីសាអូឌីតកំពុងស្វែងរកនៅខ្សែបម្រើស្លាបថ្មីនៅរដូវក្តៅនេះ។ ក្លឹប Al-Nassr ក៏ចាប់អារម្មណ៍ទៅលើកីឡាករ Raphinha របស់ក្លឹប Barcelona ដូចគ្នា ប៉ុន្តែនៅពេលនេះបានបញ្ជាក់ថាបានប្តូរចំណាប់អារម្មណ៍របស់ពួកគេទៅលើកីឡាករ Antony ដែលបានលេងជាមួយកីឡាករ Ronaldo សម្រាប់បិសាចក្រហមក្នុងពាក់កណ្តាលដំបូងនៃរដូវកាល ២០២២-២៣ ។
កីឡាករ Antony បានស៊ូទ្រាំនឹងសុបិន្តអាក្រក់នៅ United ក្រោយផ្ទេរមកកាន់ទឹកដី Old Trafford ក្នុងតម្លៃ ៨៥លានផោន កាលពីឆ្នាំ២០២២។ ក្នុងការបង្ហាញខ្លួនចំនួន ៨២ប្រកួត ដោយស៊ុតបញ្ចូលទីបាន ១៦គ្រាប់ប៉ុណ្ណោះ។
ខណៈពេលដែល United ចង់លក់ Antony នៅរដូវក្តៅនេះ ខាង Football Insider បានអះអាងថា ពួកគេបើកចំហរក្នុងការអនុញ្ញាតឱ្យគាត់ចាកចេញក្នុងលក្ខខណ្ឌខ្ចីជើង ប្រសិនបើមានក្លឹបហ៊ានរ៉ាប់រងនៅប្រាក់ឈ្នួល ១សែនផោនក្នុងមួយសប្តាហ៍របស់គាត់។ កុងត្រារបស់គាត់នៅសល់រយៈពេល ៣ឆ្នាំទៀត ដូច្នេះការផ្ទេរជាអចិន្ត្រៃយ៍អាចនឹងជួយសម្រួលដ៏ផ្នែកហិរញ្ញវត្ថុរបស់ក្លឹបយ៉ាងច្រើន។
វានៅតែត្រូវមើលថាតើ Anthony នឹងលេងនៅពេល United ប៉ះ Manchester City ក្នុងការប្រកួត Community Shield នៅចុងសប្តាហ៍នេះដែរឬទេ។ ក្រុមរបស់លោក Erik ten Hag នឹងត្រូវបើកយុទ្ធនាការ Premier League ថ្មីរបស់ពួកគេនៅ Old Trafford ដោយទទួលក្រុមភ្ញៀវ Fulham នៅថ្ងៃទី១៦ ខែសីហា៕