បរទេស៖ ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសមានព័ត៌មានចចាមអារ៉ាមអំពីការចាកចេញពីក្លឹប Brentford តាំងពីរដូវកាលមុន ខណៈក្លឹប Arsenal ឫ Chelsea ត្រូវបានគេចាត់ទុកថាជាគោលដៅទំនងបំផុត។ ទោះជាយ៉ាងណាក៏ដោយ ក្រុមកាំភ្លើងធំបានបន្ថយការចាប់អារម្មណ៍របស់ពួកគេបន្តិចម្តងៗ ដោយសារតម្លៃដែលក្លឹប Brentford បានទាមទារប្រមាណ ១០០លានផោន។
ទោះបីជាយ៉ាងណាក៏ដោយ ក្លឹប Brentford បានបញ្ចុះតម្លៃទាមទាររបស់ពួកគេមកត្រឹមប្រមាណ ៦០លានផោន សម្រាប់រយៈពេល ២សប្តាហ៍ចុងក្រោយនៃទីផ្សារដោះដូររដូវក្តៅនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ Independent បានអោយដឹងថាក្លឹប Chelsea និង Manchester United បាននិយាយថាកំពុងនាំមុខសម្រាប់ផ្ទេរយកខ្សែប្រយុទ្ធវ័យ ២៨ឆ្នាំនេះ ដែលគាត់នៅសល់កុងត្រាជាមួយនឹងក្លឹប Brentford ដល់ឆ្នាំ២០២៥ ប៉ុន្តែក្លឹបទាំងពីរមិនព្រមបង់ថ្លៃតាមអ្វីដែលបានទាមទារនាពេលបច្ចុប្បន្ននោះទេ។
ទាំងបិសាចក្រហម និងក្រុមតោខៀវមានចំណាប់អារម្មណ៍ក្នុងការពង្រឹងបន្ថែមនៅក្នុងតំបន់ប្រយុទ្ធរបស់ពួកគេ ហើយកំពុងសម្លឹងរកមើលការខ្ចីជើងកីឡាករ Toney ជាមួយនឹងជម្រើសទិញផ្តាច់នៅរដូវក្តៅក្រោយ។ វានៅតែត្រូវបានគេមើលឃើញថាតើក្លឹប Brentford មានឆន្ទៈក្នុងការអនុញ្ញាតឱ្យតារាឆ្នើមរបស់ពួកគេចាកចេញក្នុងលក្ខខណ្ឌខ្ចីជើង ជាពិសេដនៅពេលដែលកីឡាករ Igor Thiago បានរងរបួសយ៉ាងធ្ងន់ធ្ងរដែលបានធ្វើឱ្យគាត់អវត្តមានក្នុងខែដំបូងនៃរដូវកាលថ្មី។
សម្រាប់ពេលនេះ កីឡាករសញ្ជាតិអង់គ្លេសនៅតែផ្តោតលើការលេងរបស់គាត់នៅ Brentford ហើយគាត់អាចនឹងបង្ហាញខ្លួននៅក្នុងការប្រកួតថ្ងៃអាទិត្យនេះ ខណៈក្រុមរបស់លោក Thomas Frank នឹងត្រូវប្រកួតជាមួយ Crystal Palace សម្រាប់ការប្រកួតដំបូងនៅ Premier League៕