បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Calciomercato.it បានអោយដឹងថាក្លឹបនៅ Juventus ចង់ធ្វើការលក់កីឡាករ Chiesa ចេញមុនកុងត្រាគាត់ផុតនាចុងរដូវកាលនេះ។ ស្ថានភាពរបស់គាត់នៅ Juventus កាន់តែយ៉ាប់យ៉ឺនដល់ចំណុចដែលគាត់ត្រូវបានដកចេញពីក្រុមជម្រើសដំបូង។ គ្រូបង្វឹកថ្មី Thiago Motta មិនបានបញ្ចូលគាត់ទៅក្នុងផែនការរបស់ខ្លួនទេ នេះជាការសម្រេចចិត្តនេះទំនង់ជាត្រូវជម្រុញអោយក្លឹបធ្វើការលក់គាត់ចេញ ជាជាងធ្វើការពិចារណាក្នុងការផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ក្រុម។
ចំពេលមានសេចក្តីរាយការណ៍ពីឆន្ទៈរបស់ Juventus ក្នុងការចែកផ្លូវជាមួយ Chiesa ធ្វើអោយក្លឹប Barcelona មានបំណង់ចង់ផ្ទេរយកកីឡាករវ័យ ២៦ឆ្នាំរូបនេះ។ ទោះបីជាឈ្មោះកីឡាករ Chiesa មិនមែនជាជម្រើសដំបូងដែលក្លឹប Barcelona ចង់បាន ប៉ុន្តែក្រោយពីការបរាជ័យក្នុងការដេញតាម Nico Williams និង Rafael Leao ក្លឹបយក្សនៅកាតាឡានបានបញ្ជាក់អំពីការចង់ផ្ទេរយកនៅក្នុងទីផ្សារដោះដូរនារដូវក្តៅនេះ។
ទោះជាយ៉ាងណាក៏ដោយ ការចាប់អារម្មណ៍របស់ Barcelona ទៅលើ Chiesa កើតឡើង ស្របពេលដែលក្លឹបកំពុងមានបញ្ហាផ្នែកហិរញ្ញវត្ថុ។ ក្លឹប Juventus ដែលដឹងពីស្ថានភាពហិរញ្ញវត្ថុរបស់ Barcelona ហើយពួកគេមិនទាន់ទទួលបានសំណើរផ្លូវការនោះទេ ប៉ុន្តែពួកគេបានត្រៀមខ្លួនរួចរាល់ក្នុងការចរចារ។ ក្លឹប Juventus បានរាយការណ៍ថាមិនទទួលយកសំណើរដែលទាបជាង ១៥លានអឺរ៉ូនោះទេសម្រាប់កីឡាករ Chiesa ខណៈពេលដែលក្លឹប Juventus បានចំណាយ ៦០លានអឺរ៉ូក្នុងការនាំគាត់មក។ ជាមួយនឹងកិច្ចសន្យារបស់ Chiesa នឹងត្រូវផុតកំណត់នៅរដូវក្តៅក្រោយ Juventus ចង់ជៀសវាងការបាត់បង់គាត់គ្មានតម្លៃខ្លួន ហើយពួកគេនឹងព្រមទទួលយកនៅសំណើរដែលទាបបំផុតត្រឹម ១៥លានអឺរ៉ូ។
ការទាមទារប្រាក់ឈ្នួលរបស់ Chiesa នៅតែជាឧបសគ្គដ៏សំខាន់។ កីឡាករសញ្ជាតិអ៊ីតាលីដែលបច្ចុប្បន្នរកបានប្រហែល ៥លានអឺរ៉ូក្នុងមួយរដូវកាលនៅក្លឹប Juventus ប៉ុន្តែគាត់ត្រូវបានគេរាយការណ៍ថាកំពុងស្វែងរកការដំឡើងប្រាក់ខែដល់ ៧លានអឺរ៉ូ។ តួលេខនេះបង្កបញ្ហាប្រឈមសម្រាប់ Barcelona ខណៈក្លឹបកំពុងមានបញ្ហាជាមួយនឹង Financial Fair Play ដែលទាមទារអោយមានការលក់កីឡាករជាមុនសិន ដើម្បីអាចបំពេញតាមការទាមទាររបស់កីឡាករ Chiesa។ ប៉ុន្តែសម្រាប់ Barcelona ការទិញយក Chiesa នឹងក្លាយជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយក្នុងការពង្រឹងក្រុមរបស់ពួកគេនៅក្នុងទីផ្សារ ខណៈជម្រើសកីឡាករដែលមានគុណភាពខ្ពស់ គឺមានចំនួនកំណត់ និងតម្លៃខ្ពស់ផងដែរ៕