បរទេស៖ ក្រុមកាំភ្លើងធំបានទាក់ទងជាមួយខ្សែប្រយុទ្ធនីហ្សេរីយ៉ាជាយូរមកហើយ ប៉ុន្តែចំណាប់អារម្មណ៍របស់ពួកគេចំពោះគាត់ហាក់ដូចជាធ្លាក់ចុះ ខណៈពេលដែលក្លឹប Chelsea និង Paris Saint-Germain បន្តតាមប្រមាញ់គាត់។ ទោះជាយ៉ាងណាក៏ដោយ Corriere dello Sport រាយការណ៍ថាក្លឹបនៅភាគខាងជើងទីក្រុងឡុងដ៏ អាចនឹងត្រលប់មកចូលរួមប្រជែងក្នុងការចុះហត្ថលេខាកីឡាករ Osimhen ខណៈពួកគេចង់ពង្រឹងនៅតំបន់ប្រយុទ្ធរបស់ខ្លួន។
ក្លឹប Napoli ចង់លក់កីឡាករ Osimhen ដើម្បីទទួលបានថវិកា។ ពួកគេនៅតែបន្តទាមទារនៅតម្លៃផ្តាច់កុងត្រាប្រមាណ ១៣០លានអឺរ៉ូ ដែលមាននៅក្នុងកិច្ចព្រមព្រៀងរបស់គាត់ ទើបអាចអនុញ្ញាតអោយគាត់ចាកចេញ ប៉ុន្តែក្លឹបនៅ Serie A បានវាយតម្លៃឡើងវិញនូវជំហររបស់ពួកគេ ហើយមានឆន្ទៈដើម្បីទទួលយកថ្លៃផ្ទេរទាប។ ការលក់ Osimhen នឹងអាចធ្វើអោយពួកគេទទួលបានថវិកាយ៉ាងច្រើន ហើយនឹងប្រើប្រាស់ដើម្បីនាំយកកីឡាករ Romelu Lukaku ពីក្លឹប Chelsea។
ក្លឹប Chelsea បន្តជំរុញឱ្យមានកិច្ចព្រមព្រៀងចុះហត្ថលេខា Osimhen ពី Napoli ហើយពួកគេបានដាក់សំណើរដោះដូរកីឡាករនៅលើទុករបស់ក្លឹបនៅខាងអ៊ីតាលីរួចហើយ។ ទោះបីជាយ៉ាងណាក៏ដោយក្រុមតោខៀវកំពុងព្យាយាមបញ្ចុះបញ្ចូលក្លឹប Napoli ឱ្យអនុញ្ញាតឱ្យកីឡាករ Osimhen ចូលរួមជាមួយពួកគេក្នុងលក្ខខណ្ឌខ្ចីជើង ប៉ុន្តែកីឡាករសញ្ជាតិនីហ្សេរីយ៉ាត្រូវបានគេរាយការណ៍ថាបានរៀបចំដើម្បីបដិសេធការផ្ទេរមកកាន់ក្រុមរបស់លោក Enzo Maresca ដើម្បីទទួលយកការផ្ទេរផ្សេងទៀត។
ក្លឹប Arsenal ប្រហែលជាអាចបញ្ចុះបញ្ចូល Napoli ឱ្យលក់កីឡាករវ័យ ២៥ឆ្នាំរូបនេះ ហើយបញ្ចុះបញ្ចូលគាត់ឱ្យផ្ទេរមកកាន់ភាគខាងជើងទីក្រុងឡុងដ៍។ ស្របពេលជាមួយគ្នានេះដែរ គេកំពុងតាមដានយ៉ាងស្និទ្ធិទៅលើស្ថានភាពរបស់ខ្សែប្រយុទ្ធសញ្ជាតិបែលហ្ស៊ិក Lukaku ខណៈគាត់សង្ឃឹមថាអាចនឹងទៅជួបជុំជាមួយនឹងអតីតគ្រូបង្វឹក Inter លោក Antonio Conte នៅ Napoli ៕