បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ AS បានអោយដឹងថាកីឡាករសញ្ជាតិដាណឺម៉ាកហាក់ដូចជាកីឡាករចុងក្រោយដែលក្លឹបយក្សនៅកាតាឡានត្រៀមនឹងលក់ ខណៈដែលពួកគេសម្លឹងរកការប្រមូលមូលថវិកាចំពេលមានការលំបាកផ្នែកហិរញ្ញវត្ថុ។ កីឡាករវ័យ ២៨ឆ្នាំរូបនេះត្រូវបានគេដាក់ឈ្មោះជាកីឡាករបម្រុងសម្រាប់ការប្រកួតបើកឆាក La Liga របស់ក្លឹប Barca កាលពីថ្ងៃសៅរ៍ ហើយបានប្តូរចូលក្នុងទីលាននៅក្នុងរយៈពេល ២៥នាទីចុងក្រោយ ប៉ុន្តែវាហាក់ដូចជាគាត់មិនមែនជាផ្នែកសំខាន់នៃផែនការរបស់ Hansi Flick នោះទេ។
បច្ចុប្បន្នក្លឹបកាតាឡានមិនអាចចុះឈ្មោះកីឡាករ Dani Olmo បានទេ បន្ទាប់ពីគាត់ផ្ទេរពីក្លឹប RB Leipzig ហើយពួកគេត្រូវតែប្រមូលប្រាក់បន្ថែមទៀតដើម្បីអាចនាំចូលកីឡាករមកក្នុងក្រុមបាន។ ដោយមកចូលរួមជាមួយក្រុម Barca ក្នុងនាមជាកីឡាករដែលមិនមានតម្លៃខ្លួនពីក្លឹប Chelsea កាលពីឆ្នាំ២០២២ ការលក់គាត់អាចជាប្រាក់ចំណេញសម្រាប់ក្លឹបនៅអេស្ប៉ាញ និងអាចជួយសម្រួលដល់ការចំណាយលើប្រាក់ឈ្នួលរបស់ពួកគេ ដែលអាចអនុញ្ញាតឱ្យ Barca ចុះឈ្មោះកីឡាករថ្មី។
របាយការណ៍បន្ថែមថាកីឡាករ Christensen បានទាក់ទាញចំណាប់អារម្មណ៍ពី Premier League ហើយក្លឹប Newcastle ក៏មានព័ត៌មានចចាមអារ៉ាមជាមួយគាត់កាលពីពេលថ្មីៗនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ Mundo Deportivo កាលពីសប្តាហ៍មុនបានអោយដឹងថាក្លឹប Barca នឹងទាមទារតម្លៃប្រមាណ ៣០លានអឺរ៉ូសម្រាប់កីឡាករ Christensen។
ក្លឹប Barca នៅសល់ពេលជាងមួយសប្តាហ៍ប៉ុណ្ណោះក្នុងការរៀបចំកិច្ចព្រមព្រៀងមួយសម្រាប់កីឡាករ Christensen ប្រសិនបើពួកគេចង់លក់គាត់មុនពេលទីផ្សារដោះដូរកីឡាករឈានដ៏ទីបញ្ចប់។ ពួកគេក៏ត្រូវបានគេនិយាយថាមានឆន្ទៈក្នុងការចែកផ្លូវជាមួយនឹងកីឡាករ Ilkay Gundogan ដែលគ្រោងនឹងត្រលប់ទៅ Manchester City ក៏ដូចជា Ansu Fati, Vitor Roque និង Mikayil Faye ផងដែរ៕