បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Telegraph បានអោយដឹងថាក្លឹប Chelsea បានយល់ព្រមចែកផ្លូវជាមួយកីឡាករ Chilwell ហើយគាត់អាចនឹងទៅកាន់ប្រទេសទួរគីក្នុងកិច្ចសន្យាខ្ចីជើង។ កាលពីដើមរដូវក្តៅ កីឡាករសញ្ជាតិអង់គ្លេសត្រូវបានជូនដំណឹងថាគាត់ជាចំណែកលើសសម្រាប់ផែនការរបស់លោក Enzo Maresca។ គាត់ក៏មានព័ត៌មានក្នុងការចាកចេញពីកីឡដ្ឋាន Stamford Bridge ខណៈពេលដែលទីផ្សារដោះដូរកីឡាករបើក ប៉ុន្តែកិច្ចព្រមព្រៀងមិនបានសម្រេចទេ។
ប្រទេសតែមួយគត់ដែលកីឡាករ Chilwell អាចធ្វើដំណើរទៅឥឡូវនេះគឺប្រទេសទួរគី ខណៈដែលទីផ្សារដោះដូរកីឡាករនៅទីនោះនឹងបើករហូតដល់ថ្ងៃទី១៨ ខែកញ្ញា។ ប្រសិនបើគាត់មិនអាចទទួលបានការផ្ទេរមួយ គាត់នឹងត្រូវបន្តការហ្វឹកហាត់នៅក្រៅក្រុមជម្រើសដំបូងរបស់តោខៀវយ៉ាងហោចណាស់ ៤ខែរហូតដល់ទីផ្សារដោះដូរបើកនាខែមករា។ កីឡាករសញ្ជាតិអង់គ្លេសនេះ ក៏មានព័ត៌មានចចាមអារ៉ាមក្នុងការផ្ទេរទៅកាន់ក្លឹប Fenerbahce ដែលកំពុងដឹកនាំដោយអតីតគ្រូបង្វឹករបស់តោខៀវលោក Jose Mourinho ខណៈក្លឹបយក្សនៅ Premier League មិនទទួលបានសំណើរណាមួយពីក្លឹបនៅ Super Lig របស់ទូរគីក៏ដោយ។
ខណៈពេលដែលក្លឹបយក្សរបស់អង់គ្លេសមានបំណងដកកីឡាកររូបនេះជាអចិន្ត្រៃយ៍ ខណៈដែលគាត់រកបាន ២សែនផោនក្នុងមួយសប្តាហ៍ វាមិនទំនងថាក្លឹបណាមួយហ៊ានចំណាយនៅប្រាក់ឈ្នួលមួយនេះសម្រាប់គាត់នោះទេ។ ជាលទ្ធផលគឺកីឡាករ Chilwell អាចនឹងចាកចេញពីក្លឹបនៅក្នុងកិច្ចសន្យាខ្ចីជើងប៉ុណ្ណោះ។
ក្រុមរបស់លោក Maresca អាចរកបាន ៤ពិន្ទុពីការប្រកួត Premier League ៣លើកដំបូងរបស់ពួកគេ ហើយពួកគេនឹងធ្វើការប្រកួតបន្ទាប់ជាមួយនឹងក្លឹប Bournemouth នៅថ្ងៃទី១៤ ខែកញ្ញា៕