បរទេស៖ ខ្សែបម្រើសញ្ជាតិបារាំងវ័យ ៣១ឆ្នាំ កីឡាករ Jordan Veretout បានបញ្ចប់ការផ្ទេរជាផ្លូវការពីក្លឹប Marseille ទៅកាន់ក្លឹប Lyon ដោយបានបញ្ជាក់កាលពីថ្ងៃពុធហើយ។
សេចក្តីថ្លែងការណ៍របស់ក្លឹប Ligue 1 បានសរសេរថា៖ “Olympique Lyonnais ប្រកាសពីការមកដល់របស់កីឡាករ Jordan Veretout ដែលជាខ្សែបម្រើសញ្ជាតិបារាំង ជាមួយនឹងកុងត្រារយៈពេល ២ឆ្នាំ ដែលមានសុពលភាពដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។ ការផ្ទេរមានតម្លៃ ៤លានអឺរ៉ូ ជាមួយនឹងប្រាក់រង្វាន់ដល់ទៅ ៣លានអឺរ៉ូ និងទទួលបានអត្ថប្រយោជន៍ ២៥%ផ្សេងទៀតសម្រាប់ការផ្ទេរនៃពេលអនាគត”៕