បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាកីឡាករវ័យ ២២ឆ្នាំរូបនេះអាចអវត្តមានសម្រាប់ការប្រកួតដែលនៅសល់ បន្ទាប់ពីរងរបួសកជើងក្នុងការហ្វឹកហាត់របស់ Man Utd នៅមុនការប្រកួតចុងសប្តាហ៍នេះជាមួយនឹងក្លឹប Tottenham។
ខណៈពេលដែលកីឡាករវ័យ ២២ឆ្នាំបានចេញមកបញ្ជាក់ដោយសរសេរនៅលើបណ្តាញសង្គម Instagram របស់ខ្លួនថា៖ “ខកចិត្តយ៉ាងខ្លាំងក្នុងការសរសេរសារនេះនៅក្នុងពេលវេលាដ៏សំខាន់នៃរដូវកាលនេះ។ ជាអកុសល ខ្ញុំនឹងត្រូវអវត្តមានមួយរយៈដោយមានរបួស។ ខ្ញុំនឹងត្រលប់មកវិញកាន់តែខ្លាំង!! ពេលវេលាដើម្បីគាំទ្រមិត្តរួមក្រុមពីខាងក្រៅ”។
ក្នុងរដូវកាលដែលមានចលាចល Amad បានក្លាយជាចំណុចវិជ្ជមានមួយក្នុងចំណោមភាពវិជ្ជមានមួយចំនួនសម្រាប់បិសាចក្រហម។ ដោយសារបិសាចក្រហមមិនមានអ្វីត្រូវប្រកួតប្រជែងពាននៅ Premier League ដូច្នេះពួកគេបានផ្តល់អារម្មណ៍ទៅលើការឈ្នះពានរង្វាន់ FA Cup និង Europa League ។ ប៉ុន្តែកិច្ចការនោះកាន់តែលំបាកទៅៗដោយសារតែការអវត្តមានរបស់កីឡាករសញ្ជាតិកូតឌីវ័រ។
អតីតកីឡាករខ្ចីជើងរបស់ Sunderland ដែលបានចុះកុងត្រាថ្មីជាមួយ United រហូតដល់ឆ្នាំ២០៣០ កាលពីខែមុននោះ បានស៊ុតបញ្ចូលទី ៩គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៧ដងសម្រាប់បិសាចក្រហមក្នុងការប្រកួតទាំងអស់នៅរដូវកាលនេះ។
ក្លឹប United នឹងត្រូវប្រកួតប្រជែងដោយគ្មាន Amad ខណៈដែលគាត់ជាអ្នកដែលជួយស្វែងរកគ្រាប់បាល់បាន ៤៣%សម្រាប់ក្រុមនៅក្នុងរដូវកាលនេះ។ បន្ទាប់ពីការប្រកួតជាមួយក្លឹប Spurs នៅថ្ងៃអាទិត្យ ពួកគេនឹងត្រូវធ្វើដំណើរទៅកាន់ជួបជាមួយក្លឹប Everton ដែលដឹកនាំដោយលោក David Moyes៕